អគ្គលេខាធិការ និងជាប្រធានរដ្ឋរបស់វៀតណាម ជួបថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិករួមទាំង SpaceX និងក្រុមហ៊ុនប្រេង Murphy Oil
បរទេស៖ នៅរសៀលថ្ងៃពុធ នៅទីក្រុងញូវយ៉ក លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋរបស់វៀតណាម បានជួបជាមួយតំណាងក្រុមហ៊ុនអាមេរិកមួយចំនួន។ ជំនួបនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ច របស់លោកទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់ នៃសម័យប្រជុំលើកទី ៨១ របស់មហាសន្និបាត អង្គការសហប្រជាជាតិ និងដើម្បីអនុវត្តសកម្មភាពទ្វេភាគីនានា។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នា២០២៦ថា ក្នុងជំនួបជាមួយលោកស្រី Gwynne Shotwell ប្រធាន និងជានាយកប្រតិបត្តិផ្នែកប្រតិបត្តិការ (COO) របស់ក្រុមហ៊ុន SpaceX លោកអគ្គលេខាធិការ និងជាប្រធានរដ្ឋលោក Tô Lâm បានកោតសរសើរចំពោះចំណាប់អារម្មណ៍ និងកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយស្ថាប័ននានារបស់វៀតណាម ក្នុងការសាកល្បងសេវាកម្មរបស់ខ្លួនស្របតាមបទប្បញ្ញត្តិ។
លោកស្រី Shotwell បានបង្ហាញ ពីបំណងប្រាថ្នារបស់ SpaceX ក្នុងការសហការជាមួយដៃគូនៅវៀតណាម ដើម្បីគាំទ្រកាន់តែប្រសើរឡើង ដល់ការឆ្លើយតបនឹងគ្រោះមហន្តរាយ ធានាការតភ្ជាប់ទំនាក់ទំនងមិនមានការរំខាន អនុញ្ញាតឱ្យអាជីវកម្មវៀតណាមចូលរួម ក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន និងរួមចំណែកដល់សុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់វៀតណាម។
លោក Tô Lâm បានជំរុញឱ្យ SpaceX ផ្តល់អាទិភាពដល់ការកាត់បន្ថយគម្លាតឌីជីថល និងធានាឱ្យប្រជាជនទាំងអស់ អាចទទួលបានសេវាតភ្ជាប់ទំនាក់ទំនង។ ទន្ទឹមនឹងនេះ លោកបានស្នើឱ្យក្រុមហ៊ុនសហការ ជាមួយស្ថាប័នវៀតណាម ដើម្បីសិក្សាអំពីយន្តការតភ្ជាប់បម្រុង តាមរយៈផ្កាយរណប សម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជីវកម្ម សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ មជ្ឈមណ្ឌលនវានុវត្តន៍ និងក្រុមហ៊ុនបច្ចេកវិទ្យារបស់វៀតណាម ក្នុងការបណ្តុះបណ្តាលវិស្វករលើផ្នែកទូរគមនាគមន៍ផ្កាយរណប និងការរចនាបណ្តាញ។
នៅក្នុងជំនួបជាមួយលោក Eric Hambly ប្រធានក្រុមប្រឹក្សាភិបាល ប្រធាន និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Murphy Oil Corporation មេដឹកនាំវៀតណាមរូបនេះបានវាយតម្លៃខ្ពស់ចំពោះវត្តមាន និងកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការរុករក អភិវឌ្ឍ និងផលិតប្រេង និងឧស្ម័ននៅតំបន់សមុទ្រ ។ លោកបានកត់សម្គាល់ថា វៀតណាម កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ដែលមានតម្រូវការថាមពលកើនឡើង ហើយកំពុងពន្លឿនការផ្លាស់ប្តូរថាមពល និងលើកកម្ពស់ប្រភពថាមពលស្អាត និងថាមពលកកើតឡើងវិញ។
