សហភាពអឺរ៉ុប បង្ហាញការព្រួយបារម្ភខ្លាំង ចំពោះការគំរាមរបស់លោក ត្រាំ ក្នុងការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត
បរទេស៖ មន្ត្រីនៅទីក្រុងប្រ៊ុចសែលបានព្រមានថា ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញប្រេងម៉ាស៊ូត អាចបង្កសម្ពាធដល់ទីផ្សារថាមពលរបស់សហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងជួបការលំបាកស្រាប់ទៅហើយ ដោយសារការថយចុះនៃការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ជាលទ្ធផលនៃការដាក់ទណ្ឌកម្ម និងការរំខានដល់ការដឹកជញ្ជូនថាមពលពីតំបន់មជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Olof Gill អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប្រ៊ុចសែលមានការព្រួយបារម្ភចំពោះព័ត៌មានដែលថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងផ្អាកការនាំចេញប្រេងម៉ាស៊ូតរយៈពេល ៩០ ថ្ងៃ ដោយព្រមានថា ការរំខានណាមួយ «នឹងបង្កហានិភ័យប៉ះពាល់អវិជ្ជមានដល់ភាគីទាំងពីរ»។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិកបានផ្គត់ផ្គង់ប្រហែលមួយភាគបីនៃការនាំចូលប្រេងម៉ាស៊ូតរបស់អឺរ៉ុបនៅឆ្នាំនេះ ដោយចំណែកនៃការផ្គត់ផ្គង់នេះបានកើនឡើងដល់ប្រហែលពាក់កណ្តាលនៅក្នុងខែសីហា។ តម្លៃប្រេងនៅតាមស្ថានីយ៍ឥន្ធនៈក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរួចទៅហើយ។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោកស្រី Anna-Kaisa Itkonen បាននិយាយថា ទីក្រុងប្រ៊ុចសែលកំពុងតាមដានទីផ្សារ និងសុវត្ថិភាពនៃការផ្គត់ផ្គង់ «យ៉ាងយកចិត្តទុកដាក់បំផុត» ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកគឺជា «អ្នកផ្គត់ផ្គង់ដ៏សំខាន់» ទាំងប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិរាវ (LNG) ដែលជាផ្នែកមួយនៃ «យុទ្ធសាស្ត្រធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់» របស់សហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ ២០២២ មក។
ប្រែសម្រួលៈ តុលា
