ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត អំពាវនាវឱ្យច្រកសមុទ្រហ័រមូស​ ត្រឡប់ទៅរកស្ថានភាពដេីម​ ដូចមុនថ្ងៃទី២៨ ខែកុម្ភៈ

អង្គការសហប្រជាជាតិ៖ រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការស្ដារស្ថានភាពនៅច្រកសមុទ្រហ័រមូស ឱ្យត្រឡប់ទៅរកស្ថានភាពដូចមុនថ្ងៃទី ២៨ ខែកុម្ភៈវិញ ដោយគ្មានការដាក់កម្រិត ឬការតម្រូវឱ្យបង់ថ្លៃសេវាណាមួយឡើយ ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ព្រះអង្គម្ចាស់​ Faisal បានអំពាវនាវ ឱ្យមានសេរីភាព នៃការធ្វើនាវាចរណ៍នៅក្នុងផ្លូវទឹកអន្តរជាតិ ដោយលើកឡើងជាពិសេសអំពីច្រកសមុទ្រហ័រមូស, ច្រកសមុទ្រ Bab el-Mandeb, សមុទ្រក្រហម និងឈូងសមុទ្រ Aden ព្រមទាំងបានបដិសេធមិនឱ្យភាគីណាមួយប្រើប្រាស់ផ្លូវទឹកទាំងនេះ ជាឧបករណ៍សម្រាប់ដាក់សម្ពាធ ឬគំរាមកំហែងឡើយ។

ព្រះអង្គមានព្រះបន្ទូលថា សន្តិសុខនៃតំបន់ឈូងសមុទ្រ គឺជាផ្នែកមួយដ៏សំខាន់នៃសន្តិសុខក្នុងតំបន់ និងពិភពលោកទាំងមូល ដោយបន្ថែមថា ស្ថិរភាពនៅក្នុងតំបន់ឈូងសមុទ្រមានទំនាក់ទំនងផ្ទាល់ទៅនឹងសន្តិសុខថាមពលសកល ពាណិជ្ជកម្មអន្តរជាតិ និងខ្សែសង្វាក់ផ្គត់ផ្គង់។

ព្រះអង្គបានកត់សម្គាល់ថា ប្រទេសអារ៉ាប៊ីសាអូឌីត​ គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមនានា ដែលមានគោលបំណងកាត់បន្ថយភាពតានតឹង នៅក្នុងតំបន់ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាថា តំបន់ទាំងមូលនៅតែគ្មានអាវុធដែលមានអានុភាពបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ (WMD)។

គួរបញ្ជាក់ថា​ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារផ្នែកយោធាយ៉ាងខ្លាំងក្លាទៅលើប្រទេសអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលបន្ទាប់មកអ៊ីរ៉ង់​ បានធ្វើការឆ្លើយតបវិញដោយកំណត់គោលដៅវាយប្រហារលើអ៊ីស្រាអែល និងទីតាំងជាច្រើននៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ជម្លោះនេះបានរំខានដល់ការដឹកជញ្ជូន តាមផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការនាំចេញប្រេង របស់អារ៉ាប៊ីសាអូឌីតទៅកាន់ទីផ្សារពិភពលោក ៕

To Top