ប្រធានាធិបតីម៉ិកស៊ិក បញ្ជាក់ជាថ្មីពីការបដិសេធមិន ទទួលយកការជ្រៀតជ្រែកពីបរទេស
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបញ្ជាក់ជាថ្មីពីការបដិសេធមិន ទទួលយកការជ្រៀតជ្រែក ពីបរទេសមកលើកិច្ចការផ្ទៃក្នុង របស់ប្រទេសម៉ិកស៊ិក។
ការថ្លែងនេះធ្វើឡើងក្នុងអំឡុងពេលនៃការជួបជុំគ្នានៅទីលាន Zocalo ក្នុងទីក្រុងម៉ិកស៊ិក ដើម្បីបញ្ចប់ដំណើរទស្សនកិច្ចទូទាំងប្រទេសរបស់លោកស្រី ក្នុងគោលបំណងបង្ហាញពីការទទួលខុសត្រូវ និងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។
លោកស្រីបានថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅទីលានសំខាន់នៃរដ្ឋធានីថា៖ «គ្មានមហាអំណាចបរទេស ឬក្រុមឥស្សរជនសេដ្ឋកិច្ច ឬនយោបាយណាមួយមានសិទ្ធិកំណត់ជោគវាសនាបច្ចុប្បន្ន និងអនាគតនៃមាតុភូមិរបស់យើងឡើយ។ សិទ្ធិនោះជារបស់ប្រជាជនម៉ិកស៊ិកតែប៉ុណ្ណោះ»។
លោកស្រីបានផ្សារភ្ជាប់ការការពារអធិបតេយ្យភាពជាតិទៅនឹងអ្វីដែលរដ្ឋាភិបាលរបស់លោកស្រីហៅថា «ការផ្លាស់ប្តូរលើកទីបួន» (Fourth Transformation)។ នេះគឺជាគម្រោងនយោបាយមួយ ដែលផ្តួចផ្តើមឡើងដោយអ្នកកាន់តំណែងមុនរបស់លោកស្រី គឺលោក Andres Manuel Lopez Obrador ដែលមានគោលបំណងកែទម្រង់គំរូនៃការអភិវឌ្ឍរបស់ម៉ិកស៊ិក ដោយផ្តោតសំខាន់លើសុខុមាលភាពសង្គម សមភាព និងអធិបតេយ្យភាពជាតិ។
លោកស្រីបានលើកឡើងថា ការផ្លាស់ប្តូររបស់ប្រទេសនាពេលបច្ចុប្បន្ននេះ គឺដើរតាមគន្លងប្រវត្តិសាស្ត្រនៃការតស៊ូ ដើម្បីឯករាជ្យភាព និងការផ្លាស់ប្តូរសង្គម។ លោកស្រីបានសំដៅលើដំណាក់កាលសំខាន់ៗនានា រួមមានចលនាឯករាជ្យភាពរបស់ម៉ិកស៊ិក សម័យកាលនៃការកែទម្រង់នៅសតវត្សរ៍ទី ១៩ និងបដិវត្តន៍ម៉ិកស៊ិក ដែលជាពេលដែលប្រជាជនម៉ិកស៊ិក បានតស៊ូដើម្បីការពារអធិបតេយ្យភាពជាតិ និងស្វែងរកការកែទម្រង់នយោបាយ និងសង្គម។
ដោយមានការអមដំណើរពីអភិបាលក្រុងម៉ិកស៊ិក លោកស្រី Clara Brugada និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកស្រី លោកស្រីប្រធានាធិបតី ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលនានារបស់រដ្ឋាភិបាលលោកស្រី នៅក្នុងវិស័យដូចជា កម្មវិធីសុខុមាលភាព ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសន្តិសុខ៕
ប្រែសម្រួល ឈូក បូរ៉ា
