អ៊ីស្រាអែល ដកហូតឋានៈការទូតរបស់មន្ត្រីការទូតហូឡង់ ប្រចាំនៅទីក្រុងរ៉ាម៉ាឡា
យេរូសាឡិម៖ អ៊ីស្រាអែល បានប្រកាសថា ខ្លួននឹងដកហូតឯកសិទ្ធិ និងអភ័យឯកសិទ្ធិការទូតរបស់មន្ត្រីការទូតហូឡង់ ដែលប្រចាំការនៅទីក្រុងរ៉ាម៉ាឡា ដើម្បីជាការឆ្លើយតបទៅ នឹងការហាមឃាត់របស់ហូឡង់ លើផលិតផលដែលផលិត នៅក្នុងតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែល ក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់។
លោក Gideon Sa’ar រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានថ្លែងនៅលើបណ្តាញសង្គម X ថា មន្ត្រីការទូតទាំងនោះមានរយៈពេល ៧ ថ្ងៃ ដើម្បីប្រគល់ឯកសារការទូត ដែលចេញដោយអ៊ីស្រាអែលមកវិញ។
លោក Sa’ar បានលេីកឡេីងថា៖ «បន្ទាប់ពីរយៈពេលនេះផុតកំណត់ ឯកសិទ្ធិ និងអភ័យឯកសិទ្ធិការទូតដែលផ្តល់ជូនពួកគេដោយរដ្ឋអ៊ីស្រាអែល នឹងត្រូវអស់សុពលភាព»។
ក្រសួងការបរទេសអ៊ីស្រាអែល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយថា វិធានការនេះធ្វើឡើងបន្ទាប់ពីការ ចូលជាធរមានកាលពីសប្តាហ៍មុននៃបទបញ្ជារបស់ហូឡង់ ដែលហាមឃាត់ការនាំចូល និងការលក់ផលិតផលពីតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែល នៅក្នុងតំបន់ West Bank និងតំបន់ East Jerusalem ដែលត្រូវបានកាន់កាប់ ក៏ដូចជាតំបន់ Golan Heights ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែលផងដែរ។ ប្រទេសហូឡង់អះអាងថា តំបន់តាំងទីលំនៅរបស់អ៊ីស្រាអែល គឺរំលោភលើច្បាប់អន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា
