ព័ត៌មានអន្តរជាតិ

ការកើនឡើងតម្លៃប្រេងឥន្ធនៈ នៅវៀតណាម បានដាក់សម្ពាធលើអតិផរណា និងថ្លៃដើមផលិតកម្ម

បរទេស៖ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈកំពុងរុញច្រានថ្លៃដើមផលិតកម្ម ការដឹកជញ្ជូន និងទំនិញនៅក្នុងប្រទេសវៀតណាមឱ្យឡើងខ្ពស់ ដែលបង្កើនសម្ពាធអតិផរណា ។ ដោយសារលទ្ធភាពក្នុងការដាក់ចេញវិធានការ គោលនយោបាយបន្ថែមមានកម្រិត អ្នកសេដ្ឋកិច្ចបានលើកឡើងថា ការបន្តកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ និងការផ្តល់ការគាំទ្រចំគោលដៅសម្រាប់ប្រេងម៉ាស៊ូត អាចជួយកាត់បន្ថយផលប៉ះពាល់លើតម្លៃទំនិញបាន។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឥន្ធនៈបានកើនឡើងតាមរយៈការកែសម្រួលតម្លៃចំនួន ៤ លើកជាប់ៗគ្នាសម្រាប់សាំង និង ៣ លើក សម្រាប់ប្រេងម៉ាស៊ូត ដែលធ្វើឱ្យថ្លៃដើមរបស់អាជីវកម្មនានា ចាប់ពីអ្នកផលិតបសុសត្វ រហូតដល់ប្រតិបត្តិករ ដឹកជញ្ជូន បានកើនឡើងខ្ពស់។

យោងតាមការកែសម្រួលតម្លៃចុងក្រោយ តម្លៃសាំង E5RON92 បានកើនឡើងដល់ ២៦.៣៩៧ ដុងក្នុងមួយលីត្រនៅថ្ងៃព្រហស្បតិ៍ ខណៈដែលសាំងប្រភេទ E10RON95-III បានកើនឡើងដល់ ២៧.០៨៧ ដុង។ ចំណែកប្រេងម៉ាស៊ូតវិញ បានកើនឡើងដល់ ៣០.៤៩៧ ដុងក្នុងមួយលីត្រ។

សាំងប្រភេទ E5 បានកើនឡើងចំនួន ៤.៦៣៤ ដុងក្នុងមួយលីត្រតាមរយៈការដំឡើងតម្លៃ ៤ លើកជាប់ៗគ្នា ខណៈដែលសាំងប្រភេទ E10 បានកើនឡើង ៤.៤៨៥ ដុង។ រីឯតម្លៃប្រេងម៉ាស៊ូតវិញ បានកើនឡើងចំនួន ២.៧៥៤ ដុង តាមរយៈការកែសម្រួលតម្លៃ ៣ លើកជាប់ៗគ្នា។

ការកើនឡើងនៃថ្លៃដើមប្រេងឥន្ធនៈនេះ កំពុងជះឥទ្ធិពលដោយផ្ទាល់ទៅលើថ្លៃដើមផលិតកម្មរួចទៅហើយ។

លោក Nguyễn Công Bắc នាយកក្រុមហ៊ុនផលិតបសុសត្វមួយនៅក្នុងខេត្ត Sơn La បាននិយាយថា តម្លៃចំណីសត្វបានកើនឡើង ៣ ដងក្នុងរយៈពេល ២០ ថ្ងៃកន្លងមកនេះ ដោយមានការកើនឡើងសរុបចំនួន ៩០០ ដុងក្នុងមួយគីឡូក្រាម។

លោក Bắc បានបញ្ជាក់ថា ការកើនឡើងតម្លៃនេះបានធ្វើឱ្យថ្លៃដើមផលិតសាច់ជ្រូករបស់ក្រុមហ៊ុនកើនឡើងប្រហែល ២.០០០ ដុងក្នុងមួយគីឡូក្រាម។
ប្រែសម្រួលៈ ណៃ តុលា

To Top