យានក្រោមទឹកស្វ័យប្រវត្តិ របស់សហរដ្ឋអាមេរិកមួយគ្រឿងទៀត ត្រូវកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ចាប់យកបាន នៅក្នុងច្រកសមុទ្រហ័រមូស
បរទេស៖ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ខ្លួនបានចាប់យកយានក្រោមទឹកស្វ័យ ប្រវត្តិរបស់សហរដ្ឋអាមេរិកមួយគ្រឿង នៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលនេះជាហេតុការណ៍លើកទីពីរហើយ ដែលត្រូវបានរាយការណ៍នៅក្នុងខែនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ថា យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក IRGC ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ គឺយានយោធា ប្រភេទស្វ័យប្រវត្តិក្រោមទឹក (UROV) នោះកំពុងធ្វើសកម្មភាពចារកម្ម នៅក្នុងផ្លូវទឹកដែលមានសារៈសំខាន់ ជាយុទ្ធសាស្ត្រមួយនេះ។
កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានកំណត់អត្តសញ្ញាណ យាននោះថាជាម៉ូដែល Remus 600 ដែលជាយានក្រោមទឹកស្វ័យប្រវត្តិដ៏ទំនើបមួយ ត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹកអាមេរិកសម្រាប់ការរកមីន ការឃ្លាំមើល និងការឈ្លបយកការណ៍។ ពួកគេបានបញ្ចេញវីដេអូដែលបង្ហាញពីការលើកយាននោះចេញពីទឹក ហើយបានបញ្ជាក់ថា អ្នកជំនាញកំពុងធ្វើការដើម្បីទាញយកទិន្នន័យពីយាននោះ។
កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ក៏បានព្រមានផងដែរថា ច្រកសមុទ្រហ័រមូស នៅតែស្ថិតក្នុងស្ថានភាព «បិទ» ដោយបញ្ជាក់ថា ខ្លួននឹងបន្តប្រឈម មុខនឹងអ្វីដែលខ្លួនហៅថា «សកម្មភាពគ្រោះថ្នាក់ និងសកម្មភាពនាវាដែលគ្មានការអនុញ្ញាត»។ ភាគីអាមេរិកមិនទាន់បានធ្វើអត្ថាធិប្បាយ លើហេតុការណ៍នេះនៅឡើយទេ។
