សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយភាគីសម្របសម្រួល ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុត ដើម្បីបញ្ចប់សង្គ្រាម
បរទេស៖ មន្ត្រីអាមេរិក និងអ៊ីរ៉ង់ បានជួបពិភាក្សា ដាច់ដោយឡែកពីគ្នាជាមួយភាគីសម្របសម្រួល ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងថ្មី ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៧ ខែមកនេះ នេះបើយោងតាមមន្ត្រីនៃប្រទេសទាំងពីរ។
គេរំពឹងថា ការចរចាបន្ថែមទៀត នឹងផ្តោតលើកំណែប្រែនៃសំណើរយៈពេល ៧ ថ្ងៃ ដែលអ៊ីរ៉ង់ បានដាក់ជូនកាលពីសប្តាហ៍មុន នៅក្រៅកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ នេះបើតាមការបញ្ជាក់របស់មន្ត្រីម្នាក់ដែលបានទទួលព័ត៌មានអំពីការចរចានេះ ប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។
សង្គ្រាមបានផ្ទុះឡើង នៅចុងខែកុម្ភៈ តាមរយៈការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ដែលបានបណ្តាល ឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ ក្នុងរយៈពេល ៧ ខែ និងបង្កការភ្ញាក់ផ្អើលដល់ទីផ្សារពិភពលោក ខណៈដែលផ្លូវទឹកដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង នៅតែត្រូវបានរាំងស្ទះ។
កន្លងមក សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ធ្លាប់បានព្រមព្រៀងគ្នាពីរលើករួចមកហើយក្នុងការឈប់បាញ់ តាមរយៈកិច្ចចរចាសន្តិភាព ដែលមានការសម្របសម្រួលពីភាគីពាក់ព័ន្ធ គឺនៅខែមេសា និងខែមិថុនា ប៉ុន្តែការព្រមព្រៀងទាំងនោះបានបរាជ័យយ៉ាងឆាប់រហ័ស។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ដែលបានបន្តស្នាក់នៅទីក្រុងញូវយ៉ក ក្រោយបញ្ចប់ការចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បានថ្លែងថា អ៊ីរ៉ង់រំពឹងថា នឹងទទួលបានការឆ្លើយតបពីសហរដ្ឋអាមេរិក ចំពោះសំណើថ្មីៗបំផុតរបស់ខ្លួនស្តីពីបទឈប់បាញ់ និង លក្ខខណ្ឌនានា សម្រាប់ការស្តារឡើងវិញ នូវការធ្វើដំណើរតាមផ្លូវសមុទ្រ នៅក្នុងច្រកសមុទ្រហ័រមូស៕
