ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើង ជាលើកទីពីរជាប់ៗគ្នា ដោយសារក្តីបារម្ភបន្តអំពីការ ផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ា

បរទេស៖ តម្លៃប្រេងបានកើនឡើង ជាលើកទីពីរជាប់ៗគ្នានៅថ្ងៃអង្គារ ដោយសារក្តីបារម្ភ ដែលនៅតែបន្តមានជុំវិញការរំខានដល់ការផ្គត់ផ្គង់ ប្រេងពីមជ្ឈិមបូព៌ា ដែលបង្កឡើងដោយជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានឥទ្ធិពលខ្លាំងជាងសញ្ញា នៃការងើបឡើងវិញ នៃការនាំចេញប្រេងឆៅពីតំបន់នេះ ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៦៣ សេន ឬ ០,៦% ដល់ ១០៥,៩១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកស្ថិតនៅកម្រិត ៩៣,៣២ ដុល្លារ ដែលកើនឡើង ៧២ សេន ឬ ០,៨%។

លោក Tim Waterer ប្រធានអ្នកវិភាគ នៅក្រុមហ៊ុន KCM Trade បានមានប្រសាសន៍ថា៖ «គេចាប់ផ្តើមឃើញរូបភាពច្បាស់លាស់ ជាងមុនអំពីបរិមាណនាំចេញប្រេង កាន់តែច្រើនចេញពីតំបន់ឈូងសមុទ្រ ប៉ុន្តែការកើនឡើងភាគច្រើន នៅតែពឹងផ្អែកលើវិធីសាស្ត្រជំនួស ដូចជាការផ្ទេរប្រេងពីនាវាមួយទៅនាវាមួយទៀតជាដើម។ វិធីសាស្ត្រទាំងនោះមានប្រសិទ្ធភាពតិច និងមានតម្លៃចំណាយខ្ពស់ជាងប្រតិបត្តិការធម្មតា ដែលជាហេតុធ្វើឱ្យតម្លៃប្រេងឆៅ នៅតែស្ថិតក្នុងកម្រិតខ្ពស់»។

ទិន្នន័យបឋមពីក្រុមហ៊ុនផ្តល់ទិន្នន័យ Kpler ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ បានបង្ហាញថា ការនាំចេញប្រេងឆៅពីប្រទេសផលិតធំៗ នៅមជ្ឈិមបូព៌ាបានកើនឡើងដល់ ១២,៨ លានបារ៉ែលក្នុងមួយថ្ងៃនៅខែកញ្ញា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈមក ដោយទទួលបានការគាំទ្រពីការកើនឡើងនៃការដឹកជញ្ជូនប្រេងចេញពីប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE)។

To Top