ព័ត៌មានអន្តរជាតិ

អ្នកសម្របសម្រួលគឺកាតា កំពុងជំរុញកិច្ចព្រមព្រៀង សន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់‎

‎‎បរទេស៖ កាលពីថ្ងៃអង្គារ ប្រទេសកាតាបានលើកឡើងថា ខ្លួនសង្ឃឹមថាការសម្របសម្រួលការទូតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អាចនាំឱ្យមានវឌ្ឍនភាពជាវិជ្ជមាន ឬដំណោះស្រាយដ៏សំខាន់មួយ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា លោកមានឆន្ទៈក្នុងការ បន្ធូរបន្ថយទណ្ឌកម្ម និងដោះលែងមូលនិធិដែលត្រូវបានបង្កក ដើម្បីជាថ្នូរនឹងការយល់ព្រមរបស់អ៊ីរ៉ង់ លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ។
‎
‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Majed al-Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងកំពុងផ្លាស់ប្តូរសាររវាងភាគីទាំងពីរ ហើយយើងកំពុងខិតខំស្វែងរកចំណុចរួមមួយ ដើម្បីឈានទៅរកកិច្ចព្រមព្រៀង ដែលអាចជួយសង្គ្រោះយើង ទាំងអស់គ្នាពីផលវិបាកនៃជម្លោះនេះ»។
‎
‎សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែមិនទាន់អាចស្វែងរកផ្លូវចេញពីជម្លោះរបស់ពួកគេបាននៅឡើយទេ ដែលបច្ចុប្បន្នបានអូសបន្លាយពេលចូលដល់ខែទី៨ហើយ ។ ការចរចាហាក់ដូចជាមានសន្ទុះខ្លាំងក្លាឡើងវិញ ក្នុងអំឡុងពេលកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញនោះទេ។
‎
‎ទីក្រុងដូហា (Doha) បានលេចមុខជាថ្មីម្តងទៀតក្នុងនាមជាអ្នកសម្របសម្រួលសន្តិភាព បន្ទាប់ពីធ្លាប់បានដើរតួនាទីគាំទ្រក្នុងការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែមិថុនា ដែលនាំឱ្យមានការឈប់បាញ់គ្នា ក្នុងរយៈពេលខ្លី។ មន្ត្រីអាមេរិក និងអ៊ីរ៉ង់ បានជួបពិភាក្សាដាច់ដោយឡែក ពីគ្នាជាមួយអ្នកសម្របសម្រួល របស់កាតាកាលពីថ្ងៃចន្ទ ប៉ុន្តែមិនមានព័ត៌មានច្បាស់លាស់ថា តើមានការផ្លាស់ប្តូរព័ត៌មានបន្ថែមទៀតនៅថ្ងៃអង្គារដែរឬទេ។

To Top