ព័ត៌មានអន្តរជាតិ

យន្តហោះទំលាក់គ្រាប់បែក Tu-95 រុស្សីមួយគ្រឿងជួបឧប្បទេវហេតុធ្លាក់ ស្លាប់នាវិក៦នាក់នៅតំបន់ Amur

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 បានធ្លាក់ក្នុងអំឡុង ពេលហោះហើរហ្វឹកហាត់ក្នុងតំបន់ Amur ក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ដោយបានសម្លាប់សមាជិកនាវិក ៦នាក់ និងម្នាក់ទៀតរងរបួស នេះបើយោងតាមក្រសួងការពារជាតិ របស់ទីក្រុងមូស្គូ។

ក្រសួងបាននិយាយថាសមាជិកនាវិកដែលរងរបួសត្រូវបានជម្លៀសទៅកាន់កន្លែងព្យាបាលរួចរាល់ហើយ។ក្រសួងបានបន្ថែមទៀតថា យន្តហោះនេះមិនមានបំពាក់អាវុធទេ ហើយធ្លាក់នៅតំបន់ដែលគ្មានមនុស្សរស់នៅ។

គណៈកម្មការ​កងកម្លាំង​អាកាស​រុស្ស៊ី​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ។

យន្តហោះ Tu-95 រចនាឡើងដោយសូវៀត ដែលបានហោះហើរលើកដំបូងក្នុងឆ្នាំ១៩៥២ នៅតែជាយន្តហោះផលិតលឿនបំផុតរបស់ពិភពលោក។

គួរឲ្យដឹងទៀតដែរថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយត្រូវបានរុស្ស៊ី ប្រើប្រាស់យ៉ាងទូលំទូលាយក្នុង ការបាញ់បង្ហោះមីស៊ីល Kh-101 ទៅកាន់គោលដៅនានា ក្នុងប្រទេសអ៊ុយក្រែន អំឡុងពេលមានជម្លោះ៕

To Top