ព័ត៌មានអន្តរជាតិ

ជំហរព្រងើយកន្តើយ របស់លោក Trump លើបញ្ហា AI អាចបង្កជាហានិភ័យនយោបាយ ខណៈលោកប្រកាស ប្តូរឈ្មោះទៅជា “SI”

បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បានជួបប្រជុំនៅសេតវិមាន ជាមួយបណ្តាមហាសេដ្ឋីបច្ចេកវិទ្យា ដែលត្រូវបានគេចាត់ទុកថា ជាអ្នកក្តាប់វាសនារបស់ភពផែនដី ។ ជំនួបនេះបានផ្តល់ឱកាសដ៏សំខាន់មួយ សម្រាប់ប្រមុខដឹកនាំរូបនេះ ក្នុងការបង្ហាញភាពជាអ្នកដឹកនាំ ខណៈដែលសហរដ្ឋអាមេរិក កំពុងព្រួយបារម្ភអំពីហានិភ័យ នៃបច្ចេកវិទ្យាថ្មីនេះ ហើយសូម្បីតែភ្ញៀវដែលចូលរួម ក៏ធ្លាប់បានអំពាវនាវឱ្យមានការគ្រប់គ្រងពីរដ្ឋាភិបាលផងដែរ នេះបើតាមការចេញផ្សាយរបស់​ CNN ថ្ងៃទី៣០​​​​ ខែកញ្ញា ឆ្នាំ២០២៦។

ប៉ុន្មានម៉ោងមុនការប្រជុំនេះ ក្រុមហ៊ុន AI នានាបានបង្កើនការព្រមានកាន់តែគួរឱ្យព្រួយបារម្ភ ដោយមានការទម្លាយឱ្យដឹងថា ក្រុមហ៊ុន Anthropic មានក្តីបារម្ភថា ទម្រង់ AI របស់ខ្លួនអាចបង្កជា “មហន្តរាយ ឬហានិភ័យដល់អត្ថិភាព របស់មនុស្សជាតិ”។ យោងតាមទីភ្នាក់ងារ សារព័ត៌មាន Reuters ព័ត៌មាននេះត្រូវបានកត់ត្រា នៅក្នុងឯកសារសុំបោះ ផ្សាយមូលបត្រជាសាធារណៈ (IPO) ដើម្បីប្រមូលទុនរាប់ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុន ដែលកំពុងស្រេកឃ្លានសាច់ប្រាក់មួយនេះ។

ជាការឆ្លើយតប លោក Trump មិនបានបង្ហាញពីវិធានការរឹតបន្តឹងនោះទេ ផ្ទុយទៅវិញ លោកបានធ្វើការផ្លាស់ប្តូររូបភាពថ្មី ដោយប្រកាសប្តូរឈ្មោះបច្ចេកវិទ្យានេះ។ លោក Trump បានថ្លែងថា៖ “ថ្ងៃនេះ យើងបានប្តូរឈ្មោះជាផ្លូវការទៅជា SI ជំនួសឱ្យ AI។ តើអ្នកដឹងថាវាមានន័យយ៉ាងម៉េចទេ? គឺ ‘Super’ (កំពូល)… នេះជាការប្រកាសដ៏ធំមួយ។”

លោកប្រធានាធិបតីបានសន្យាថា នឹងមិនមានការបន្ថយល្បឿនក្នុងការស្រាវជ្រាវនោះឡើយ ទោះបីជាមានក្តីព្រួយបារម្ភ ពីអ្នកបង្កើតបច្ចេកវិទ្យានេះក៏ដោយ ។ លោកបានប្រកាសថា ក្រុមហ៊ុនទាំងនោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ត្រួតពិនិត្យខ្លួនឯង” (Self-police) ដែលជាការចង “កាតព្វកិច្ចផ្នែកសីលធម៌”។ លោកបានបន្តលើកតម្កើងបច្ចេកវិទ្យានេះ ដោយចាត់ទុកថាវាជារឿងដ៏ធំបំផុត ដែលមិនធ្លាប់មាន។

ប្រសិនបើនៅប៉ុន្មានឆ្នាំខាងមុខ ការព្រួយបារម្ភអំពីផល ប៉ះពាល់អវិជ្ជមាននៃ AI ត្រូវបានបង្ហាញថាគ្រាន់តែជា ការគិតហួសហេតុនោះ លោក Trump អាចនឹងត្រូវបានគេមើលឃើញថា ជាអ្នកមានចក្ខុវិស័យវែងឆ្ងាយ។

ជំនឿរបស់លោកដែលថា AI គឺជាការប្រណាំងប្រជែង ដណ្តើមឥទ្ធិពលមហាអំណាច ជាមួយប្រទេសចិន អាចផ្តល់នូវជ័យជម្នះផ្នែកភូមិសាស្ត្រ នយោបាយដល់សហរដ្ឋអាមេរិក ។ ទន្ទឹមនឹងនេះ អំណះអំណាងរបស់លោកដែលថា ការដាក់បទប្បញ្ញត្តិគ្រប់គ្រងហួសហេតុ (Over-regulation) អាចរារាំងឧស្សាហកម្មដ៏មានសារៈសំខាន់សម្រាប់ស្ថិរភាព និងកំណើនសេដ្ឋកិច្ចរបស់អាមេរិក ក៏ជារឿងដែលគួរពិចារណា និងមិនអាចមើលរំលងបានឡើយ។

ប្រែសម្រួល​​​​​​​​​​៖​​ គីរី​

To Top