អ៊ីរ៉ង់បាត់បង់ការគ្រប់គ្រងច្រកសមុទ្រ Hormuz ខណៈអាមេរិកត្រូវចំណាយកម្លាំងទ័ពខ្ពស់ដើម្បីការពារលំហូរប្រេង
បរទេស៖ បណ្តាប្រទេសផលិតប្រេង នៅតំបន់ឈូងសមុទ្រ ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីកងទ័ពជើងទឹក សហរដ្ឋអាមេរិក កំពុងសម្រុកដឹកជញ្ជូន ប្រេងឆៅឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងរលូន ដោយហាក់មិនខ្វល់ពីវត្តមាន របស់អ៊ីរ៉ង់ឡើយ។
យោងតាមក្រុមហ៊ុន តាមដានទិន្នន័យនាវាចរណ៍ Kpler បានឱ្យដឹងថា លំហូរប្រេង និងផលិតផលប្រេង ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ មានចំនួនជាមធ្យម ១៣,១ លានធុងក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន។ តួលេខនេះស្មើនឹងជិត ៨០% នៃចំនួន ១៧,១ លានធុង ដែលធ្លាប់បានដឹកជញ្ជូនឆ្លងកាត់ជារៀងរាល់ថ្ងៃ មុនពេលសង្គ្រាមផ្ទុះឡើង នេហបើតាមការចេញផ្សាយពី CNN ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ យោងតាមធនាគារ JPMorgan បានបង្ហាញថា ទិន្នន័យសរុបនៃលំហូរប្រេងឆៅនៅមជ្ឈិមបូព៌ា (ទាំងការឆ្លងកាត់ និងវាងច្រកសមុទ្រ Hormuz) គឺកាន់តែគួរឱ្យកត់សម្គាល់ ដោយបានវិលត្រឡប់ទៅដល់កម្រិត ៩៨% នៃបរិមាណមុនសង្គ្រាមទៅហើយ។ លោក Matt Smith នាយកផ្នែកស្រាវជ្រាវទំនិញនៅ Kpler បានបញ្ជាក់ថា “ដោយសារទំហំនៃការដឹកជញ្ជូនដ៏ច្រើនឆ្លងកាត់ច្រកសមុទ្រនេះ វាបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់កំពុងបាត់បង់ឥទ្ធិពលរបស់ខ្លួននៅលើច្រកនេះហើយ។”
សមិទ្ធផលនេះ គឺជាលទ្ធផលនៃប្រតិបត្តិការដ៏ស្មុគស្មាញ ដែលមានការអមដំណើរដោយកងយោធា និងការធ្វើនាវាចរណ៍បែបលួចលាក់ (ការបិទប្រព័ន្ធតាមដាន ឬ “Dark” Transits) ឆ្លងកាត់ច្រកសមុទ្រ។ យុទ្ធសាស្ត្រនេះបានជួយស្តារលំហូរប្រេងយ៉ាងសំខាន់ សម្រាប់ប្រទេសផលិតប្រេង នៅមជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះ ។ បន្ថែមពីលើនេះ ការកើនឡើង នូវចរាចរណ៍នាវាឆ្លងកាត់ច្រកនេះ ក៏មួយផ្នែកបានមកពី ការបង្វែរការដឹកជញ្ជូនប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីតត្រឡប់មកវិញផងដែរ បន្ទាប់ពីផ្លូវដឹកជញ្ជូនតាមសមុទ្រក្រហម ត្រូវបានផ្អាកដោយសារការ វាយប្រហារពីក្រុមហ៊ូធី (Houthis) ដែលគាំទ្រដោយអ៊ីរ៉ង់ ទៅលើបំពង់បង្ហូរប្រេងដ៏ធំ របស់អារ៉ាប៊ីសាអ៊ូឌីតកាលពីដើមខែនេះ។
សំណួរដ៏សំខាន់នៅពេលនេះគឺ តើស្ថានភាពបច្ចុប្បន្ន អាចរក្សាបានយូរប៉ុណ្ណា? យោធាអាមេរិកកំពុងចំណាយ ធនធានយ៉ាងសន្ធឹកសន្ធាប់នៅក្នុងតំបន់ ត្រឹមតែដើម្បីធានាឱ្យការដឹកជញ្ជូនប្រេងអាចប្រព្រឹត្តទៅបាន ខណៈដែលស្តុកប្រេងពិភពលោក បន្តធ្លាក់ចុះកៀកនឹងកម្រិតទាបបំផុតនៃការផ្គត់ផ្គង់ ហើយតម្លៃប្រេងឥន្ធនៈ នៅតែបន្តស្ថិតក្នុង ឬក្បែរកម្រិតខ្ពស់បំផុត ។ ស្របពេលជាមួយគ្នានេះ អ៊ីរ៉ង់ ដែលកំពុងរងការគាបសង្កត់ រហូតដល់ទាល់ច្រក ក៏កំពុងចាប់ផ្តើមរៀបចំវាយបកវិញផងដែរ។
ប្រែសម្រួល៖គីរី
