សមាជិកសភាកូរ៉េខាងត្បូងថា កូរ៉េខាងត្បូង មិនបានសន្យាផ្តល់ជំនួយយោធា ដល់អ៊ុយក្រែន ពាក់ព័ន្ធនឹងការបញ្ជូន កងទ័ពកូរ៉េខាងជើងនោះទេ
បរទេស៖ សមាជិកសភាម្នាក់របស់កូរ៉េខាងត្បូង បានថ្លែងនៅថ្ងៃពុធ ដោយផ្អែកលើព័ត៌មានពីទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់របស់ប្រទេសនេះថា កូរ៉េខាងត្បូងមិនបានសន្យាផ្តល់ការគាំទ្រ ផ្នែកយោធាដល់អ៊ុយក្រែន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីនោះទេ ពាក់ព័ន្ធនឹងការផ្ទេរទាហានកូរ៉េខាងជើងពីរនាក់ដែលត្រូវបានចាប់ខ្លួន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Yoo Yeong-ha សមាជិកសភាមកពីគណបក្សប្រឆាំង People Power Party បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីទទួលបានការសង្ខេបព័ត៌មាន ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (NIS) របស់កូរ៉េខាងត្បូងថា អ៊ុយក្រែនមិនបានដាក់លក្ខខណ្ឌជាមុនណាមួយលើការផ្ទេរទាហានទាំងពីរនាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នានៅតំបន់ Kursk របស់ប្រទេសរុស្ស៊ីនោះទេ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងទៅកាន់មហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីសប្តាហ៍មុនថា អ៊ុយក្រែនបានផ្ទេរទាហានកូរ៉េខាងជើងពីរនាក់ដែលត្រូវបានចាប់ខ្លួននោះ ទៅឱ្យកូរ៉េខាងត្បូង។
បន្ទាប់ពីលោក Zelenskiy បានទម្លាយព័ត៌មាន អំពីការផ្ទេរនេះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានទាមទារឱ្យមានការពន្យល់ជាផ្លូវការ និងការសុំទោសពីសំណាក់អ៊ុយក្រែន ព្រមទាំងបានចោទប្រកាន់ទីក្រុង Kyiv ថា បានរំលោភលើកិច្ចព្រមព្រៀងក្នុងការរក្សាការសម្ងាត់នៃសកម្មភាពនេះ ដើម្បីការពារសុវត្ថិភាពរបស់ទាហានទាំងនោះ និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងជើង។
លោក Yoo បានលើកឡើងដោយយោងតាមទីភ្នាក់ងារ NIS ថា រហូតមកទល់ពេលនេះ អ៊ុយក្រែនមិនបានសុំទោស ឬបង្ហាញការសោកស្តាយចំពោះការលាតត្រដាងព័ត៌មាននេះទេ។ ចំណែកទីក្រុងកៀវវិញ បានអះអាងថា មិនមានកិច្ចព្រមព្រៀងរក្សាការសម្ងាត់ណាមួយឡើយ។
