ព័ត៌មានអន្តរជាតិ

ប្រេស៊ីល និងសហរដ្ឋអាមេរិក យល់ព្រមបង្កើតក្រុមចរចា ដើម្បីដោះស្រាយបញ្ហា តម្លើងពន្ធទំនិញរវាងគ្នា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មរបស់ប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក បានយល់ព្រមបង្កើត ក្រុមការងារមួយដើម្បីពិភាក្សា អំពីពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញប្រេស៊ីល និងបញ្ហាពាណិជ្ជកម្មទ្វេភាគីផ្សេងទៀត។

កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេស ប្រេស៊ីលលោក Mauro Vieira រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម Marcio Elias Rosa និងតំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer នៅ Milwaukee ក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក។

ពួកគេបានជួបគ្នានៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីក្រុមចំនួន២០ ដែលរួមមាន ១៩ ប្រទេស សហភាពអឺរ៉ុប និងសហភាពអាហ្វ្រិក។

ក្រសួងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរំពឹងថានឹងដាក់សំណើមួយនៅក្នុងសប្តាហ៍ខាងមុខនេះ ដែលបង្ហាញពីវិសាលភាពនៃការចរចា រួមទាំងពន្ធគយ និង របាំងពាណិជ្ជកម្មផ្សេងៗទៀត។

គួរឲ្យដឹងដែរថារដ្ឋមន្ត្រីប្រេស៊ីលក៏បានបញ្ជាក់ជាថ្មី អំពីឆន្ទៈរបស់ពួកគេ ក្នុងការស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា និងការចរចា ខណៈពេលដែលការពារ ផលប្រយោជន៍របស់ប្រទេសប្រេស៊ីល
និងការពង្រីកឱកាសសម្រាប់អាជីវកម្ម នៅក្នុងប្រទេសទាំងពីរផងដែរ៕

To Top