អ៊ីតាលី ស្វែងរកភាពបត់បែនបន្ថែមទៀត លើថវិការបស់សហភាពអឺរ៉ុប ចំពេលអតិផរណាកំពុងកើនឡើង ដោយសារវិបត្ដិថាមពល
រ៉ូម៖ លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលី បានឧ្យដឹងថា ប្រទេសអ៊ីតាលីកំពុងស្វែងរកភាពបត់បែន បន្ថែមទៀតក្រោមច្បាប់ថវិកា របស់សហភាពអឺរ៉ុប ដើម្បីដោះស្រាយផលប៉ះពាល់នៃអតិផរណា ដែលកំពុងកើនឡើង ដែលបណ្តាលមកពីការចំណាយលើថាមពល។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយកាសែតអ៊ីតាលីឈ្មោះ Il Gazzettino លោកស្រី Meloni បានឧ្យដឹងថា លោកស្រីនឹងផ្ញើលិខិតទៅកាន់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ដើម្បីលើកឡើងពីបញ្ហានេះនៅក្នុងកិច្ចប្រជុំរបស់សហភាពអឺរ៉ុបនាពេលខាងមុខ។
លោកស្រីលេីកឡេីងថា ប្រទេសអ៊ីតាលីមានគម្រោងចំណាយប្រាក់ចំនួន ១៤ ពាន់លានអឺរ៉ូ (ស្មើនឹង ១៦ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលពីរឆ្នាំ ដើម្បីកាត់បន្ថយការចំណាយលើថាមពលសម្រាប់អាជីវកម្មនានា ដោយប្រើប្រាស់យន្តការលើកលែងពិសេស របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យរដ្ឋសមាជិក អាចបង្វែរចេញពីច្បាប់ហិរញ្ញវត្ថុធម្មតាបានក្នុងករណីចាំបាច់។
លោកស្រីបានអំពាវនាវ ឱ្យមានការគិតគូរពីអតិផរណាកម្រិតខ្ពស់ នៅពេលគណនាប៉ារ៉ាម៉ែត្រ សម្រាប់កម្រិតឱនភាពថវិកាដែលត្រូវបានអនុញ្ញាត ដោយបញ្ជាក់ថាបញ្ហានេះ នឹងត្រូវលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងកិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុបនៅខែតុលា៕
