ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត​ ព្យាករណ៍ថា​ ការចំណាយ មានរហូតដល់​ ៣៧០ ពាន់លានដុល្លារ ខណៈមានចំណូលត្រឹម ៣២០ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៧

រីយ៉ាដ៖ ក្រសួងហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត​ បានប្រកាសសេចក្តីថ្លែងការណ៍បឋមមួយ​ ស្តីពីថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ដោយប៉ាន់ប្រមាណការចំណាយសរុបចំនួន ៣៧០ ពាន់លានដុល្លារអាមេរិក និងចំណូលសរុបប្រហែល ៣២០ ពាន់លានដុល្លារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ក្រសួងបានព្យាករណ៍ថាផលិតផល ក្នុងស្រុកសរុបពិតប្រាកដ របស់អារ៉ាប៊ីសាអូឌីត​ នឹងធ្លាក់ចុះ ៣,៦ ភាគរយនៅឆ្នាំ២០២៦ ដែលបណ្តាលមកពីការធ្លាក់ចុះ ២១,៨ ភាគរយនៃសកម្មភាពទាក់ទងនឹងប្រេង ខណៈដែលសកម្មភាពមិនមែនប្រេងត្រូវបានគេរំពឹងថា​ នឹងកើនឡើង ៣,២ ភាគរយ។

ក្រសួងបានបន្ថែមថា សកម្មភាពមិនមែនប្រេងបានកើនឡើង ១,៨ ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ដោយចំណែករបស់វិស័យនេះនៅក្នុង GDP បានកើនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រគឺ ៥៧,៣ ភាគរយ។

អត្រាអតិផរណាត្រូវបានព្យាករណ៍ថា​ នឹងមានប្រហែល ២,១ ភាគរយសម្រាប់ឆ្នាំនេះ ខណៈដែលអត្រាគ្មានការងារធ្វើបានធ្លាក់ចុះមកនៅត្រឹម ៦,៥ ភាគរយនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៦។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត លោក Mohammed Aljadaan បានឧ្យដឹងថា ការប៉ាន់ប្រមាណបឋម​ សម្រាប់ថវិកាឆ្នាំ ២០២៧ នេះធ្វើឡើងក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដែលមិនប្រាកដប្រជា ដោយលោកបានកត់សម្គាល់ថា ព្រះរាជាណាចក្រនេះនៅតែបន្តគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួនដោយផ្អែកលើទស្សនវិស័យរយៈពេលវែង៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top