ព័ត៌មានអន្តរជាតិ

ឥទ្ធិពលទឹកជំនន់នៅបាងកក ធ្វើអោយអ្នកដំណើរជាង ៥.៦០០ ជាប់គាំងនៅអាកាសយានដ្ឋាន អន្តរជាតិសុវណ្ណភូមិ

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways បានបញ្ជាក់ថា វ៉ាលីអ្នកដំណើរប្រមាណ ៥.៦០០ ត្រូវបានជាប់គាំងនៅអាកាសយានដ្ឋាន អន្តរជាតិសុវណ្ណភូមិ (Suvarnabhumi Airport) ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅទីក្រុងបាងកកបានបណ្តាល ឱ្យមានកង្វះខាតបុគ្គលិក។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនមានគោលដៅដោះស្រាយ ការកកស្ទះនេះឱ្យរួចរាល់ក្នុងរយៈពេល ៧២ម៉ោង នេះបើតាមការចេញផ្សាយពី VN Express ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក ស៊ូរ៉ាស័ក្តិ ផាន់ចារឿនវរៈគុល (Surasak Phancharoenworakul) បានថ្លែងថា ការចាត់ចែងវ៉ាលីមានបញ្ហា និងការពន្យារពេលជើងហោះហើររបស់ក្រុមហ៊ុន Thai Airways ដែលបង្កឡើងដោយទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍របស់ប្រទេសថៃ និងធ្វើឱ្យទំនុកចិត្តលើវិស័យនេះធ្លាក់ចុះ។

លោក Surasak បានបន្តថា ទោះបីជាទឹកជំនន់បានរារាំងបុគ្គលិកមួយចំនួនមិនឱ្យធ្វើដំណើរមកធ្វើការក៏ដោយ ក៏មូលហេតុចម្បងនៃការរអាក់រអួលនេះ គឺដោយសារតែកង្វះការត្រៀមលក្ខណៈក្នុងប្រតិបត្តិការ និងការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍តែម្តង។ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា លោកផ្ទាល់ក៏បានជួបប្រទះការរអាក់រអួលនេះផងដែរ អំឡុងពេលធ្វើដំណើរត្រឡប់ពីប្រទេសជប៉ុនមកថៃវិញ តាមជើងហោះហើររបស់ Thai Airways។

យោងតាមសារព័ត៌មាន Pattaya Mail នាយកប្រតិបត្តិក្រុមហ៊ុន Thai Airways លោក ចៃ អៀមស៊ីរី (Chai Eamsiri) បានមានប្រសាសន៍ថា ការវាយតម្លៃផលប៉ះពាល់បឋមរបស់ក្រុមហ៊ុនអាកាសចរណ៍គឺមានភាពមិនត្រឹមត្រូវនោះទេ។

ថ្លែងក្នុងសន្និសីទកាសែត លោកបានសុំទោសអ្នកដំណើរចំពោះការរអាក់រអួលនេះ ដោយបញ្ជាក់ថា ទឹកជំនន់បានរារាំងបុគ្គលិកផ្នែកបម្រើសេវាកម្មដី និងបុគ្គលិកជំនាញប្រមាណ ៣០០ នាក់មិនឱ្យមកបំពេញការងារបាន។ ជាធម្មតា ក្រុមហ៊ុនអាកាសចរណ៍នេះមានបុគ្គលិកដីប្រមាណ ៥០០ នាក់ ប៉ុន្តែត្រូវជួបប្រទះកង្វះខាតបុគ្គលិកពី ២០០ ទៅ ៣០០ នាក់ក្នុងអំឡុងពេលមានការរអាក់រអួលនេះ។ ក្រុមហ៊ុនក៏បានបញ្ជាឱ្យកាត់បន្ថយជើងហោះហើរប្រចាំថ្ងៃចំនួន ៣០% ផងដែរ ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិការអាចរៀបចំឡើងវិញ និងកែលម្អភាពទាន់ពេលវេលា។

ដើម្បីដោះស្រាយបញ្ហានេះ បុគ្គលិកប្រមាណ ១០០ នាក់មកពីកងទ័ពអាកាសភូមិន្ទថៃ និងក្រសួងការពារជាតិ ត្រូវបានដាក់ពង្រាយដើម្បីជួយក្នុងការបម្រើអាហារ ការរៀបចំទំនិញ និងការចាត់ចែងវ៉ាលី ដើម្បីដោះស្រាយការកកស្ទះឱ្យរួចរាល់ត្រឹមថ្ងៃសុក្រ។ ក្រុមហ៊ុនក៏បានបង្កើនភ្នាក់ងារដឹកជញ្ជូនវ៉ាលីពី ២ ទៅ ៣ ក្រុម ដោយអនុញ្ញាតឱ្យអ្នកដំណើរដែលមិនទាន់ទទួលបានវ៉ាលី អាចចុះឈ្មោះអាសយដ្ឋានដឹកជញ្ជូនរបស់ពួកគេតាមរយៈ QR Code។ ក្រុមហ៊ុនក៏មានគម្រោងរៀបចំបញ្ជរ ដើម្បីដោះស្រាយពាក្យបណ្តឹង និងដំណើរការសំណងផងដែរ។

យោងតាមសារព័ត៌មាន Thai Examiner តំណាងភ្នាក់ងារទេសចរណ៍ម្នាក់បាននិយាយថា បន្ទាប់ពីត្រឡប់មកពីទីក្រុងក្វាងចូវ កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា លោក និងក្រុមភ្ញៀវទេសចរបានរង់ចាំចន្លោះពី ៣ ទៅ ៤ ម៉ោង ប៉ុន្តែនៅតែមិនទទួលបានវ៉ាលី។ ក្រោយមក ក្រុមរបស់លោកត្រូវបានស្នើសុំឱ្យចាកចេញពីអាកាសយានដ្ឋាន ដោយរក្សាលិខិតឆ្លងដែន និងកាតឡើងយន្តហោះ (Boarding Pass) របស់ពួកគេ ដើម្បីអាចត្រឡប់មកយកវ៉ាលីនៅថ្ងៃបន្ទាប់។

អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដែលមានទីតាំងនៅខេត្តសាមុតប្រាកាន ចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពីកណ្តាលរាជធានីបាងកក គឺជាអាកាសយានដ្ឋានអន្តរជាតិធំបំផុតរបស់ថៃ ហើយបច្ចុប្បន្នមានសមត្ថភាពផ្ទុកអ្នកដំណើរប្រមាណ ៤៥ លាននាក់ក្នុងមួយឆ្នាំ។

វិបត្តិវ៉ាលីអ្នកដំណើរនេះ កើតឡើងស្របពេលដែលប្រទេសថៃត្រៀមឈានចូលរដូវកាលទេសចរណ៍ដ៏មមាញឹកបំផុត ដោយប្រទេសនេះបានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសឱ្យបាន ៣៣ លាននាក់នៅដំណាច់ឆ្នាំនេះ។ គួរបញ្ជាក់ថា ប្រទេសថៃ ដែលជាប្រទេសមានអ្នកទៅទស្សនាច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍ បានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២២,១ លាននាក់ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែកញ្ញា ដែលតួលេខនេះមានការធ្លាក់ចុះ ៣,៦៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រែសម្រួល៖​គីរី

To Top