ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ព្រមានថា ការដែលអារ៉ាប់រួម ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី អ៊ីស្រាអែល នឹងមិននាំមកនូវលទ្ធផល ល្អប្រសើរ នោះទេ

តេអេរ៉ង់៖ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ម្នាក់បានព្រមានថា ការដែលអារ៉ាប់រួម (UAE) ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ នឹងមិននាំមកនូវលទ្ធផល “ល្អប្រសើរ” នោះទេ។

លោក Mohsen Rezaei អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានលើកឡើងនៅក្នុងសារមួយនៅលើបណ្តាញសង្គម X ថា ដូចគ្នានឹងការអនុញ្ញាតឱ្យមានមូលដ្ឋានយោធាអាមេរិក​ ដែលមិនបាននាំមកនូវសន្តិសុខដល់អារ៉ាប់រួមនោះដែរ ការទទួលស្វាគមន៍លោក ណេតាន់យ៉ាហ៊ូ ក៏នឹងមិននាំមកនូវលទ្ធផលល្អប្រសើរដែរ។

ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានឱ្យដឹងថា​ លោកបានទៅបំពេញទស្សនកិច្ចនៅអារ៉ាប់រួមមួយថ្ងៃមុននោះ តាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសអារ៉ាប់មួយនេះ ដោយបញ្ជាក់ថា កិច្ចពិភាក្សារបស់ប្រទេសទាំងពីរ​ ផ្តោតលើទំនាក់ទំនងទ្វេភាគី និងបញ្ហាប្រឈមក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ ដែលបានចេញផ្សាយកាលពីយប់ថ្ងៃអង្គារ ក្រសួងការបរទេសអ៊ីរ៉ង់បានថ្កោលទោសដំណើរទស្សនកិច្ចរបស់លោក ណេតាន់យ៉ាហ៊ូ ទៅកាន់អារ៉ាប់រួម ដោយព្រមានអំពីផលវិបាកដ៏ “គ្រោះថ្នាក់បំផុត” ដែលបណ្តាលមកពីវត្តមានរបស់អ៊ីស្រាអែល​ នៅក្នុងតំបន់។

ក្រសួងបានបញ្ជាក់ថា រដ្ឋាភិបាលនានាក្នុងតំបន់គួរតែជៀសវាងការត្រួសត្រាយផ្លូវសម្រាប់ “វត្តមានដ៏បំផ្លិចបំផ្លាញ” របស់អ៊ីស្រាអែល និងការអនុញ្ញាតឱ្យទឹកដីរបស់ខ្លួនក្លាយជាមូលដ្ឋាន​ សម្រាប់សកម្មភាពដែលបង្កអស្ថិរភាព៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top