គ្រោះទឹកជំនន់នៅថៃ បណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់ ខណៈកម្រិតទឹកនៅទីក្រុងបាងកក ចាប់ផ្តើមស្រកចុះ
បាងកក៖ អាជ្ញាធរថៃបានឱ្យដឹងថា ទឹកជំនន់នៅទូទាំងប្រទេសថៃ បានបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់ និងប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ ចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក។
យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានឱ្យដឹងថា ទឹកជំនន់នៅតែបន្តកើតមាននៅក្នុងខេត្តចំនួន ២៩ និងទីក្រុងបាងកក ដោយប៉ះពាល់ដល់គ្រួសារជាង ១,១២លានគ្រួសារ និងប្រជាជនសរុបចំនួន ៣,១៩លាននាក់។
ទិន្នន័យផ្កាយរណបពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានរបស់ប្រទេសថៃ បានបង្ហាញថាផ្ទៃដីប្រហែល ១,៧១លានរ៉ៃ នៅតែទទួលរងការជន់លិចនៅទូទាំងប្រទេស។
លោក Ekkapob Pianpises អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឧ្យដឹងថា ភ្លៀងបានថយចុះនៅតំបន់ភាគច្រើននៃប្រទេស លើកលែងតែតំបន់ភាគខាងត្បូងផ្នែកខាងក្រោម ដោយលោកបានបន្ថែមថា ស្ថានភាពទឹកជារួម “នៅតែអាចគ្រប់គ្រងបាន” ហើយមិនមានវិបត្តិទឹកជំនន់ថ្មីកើតឡើងនោះទេ។
គេរំពឹងថាភ្លៀងនឹងថយចុះ ហើយបន្ទាប់មកនឹងធ្លាក់មកវិញនៅថ្ងៃទី ៤-៦ ខែតុលា នៅតំបន់ភាគខាងជើង និងភាគឦសាន ដែលអាចប៉ះពាល់ដល់តំបន់កណ្តាលនៃប្រទេសថៃ និងទីក្រុងបាងកកផងដែរ។ លោកបានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា អ្នកព្យាករណ៍អាកាសធាតុមិនរំពឹងថាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាយូរនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
