ព័ត៌មានអន្តរជាតិ

សិង្ហបុរី ដែលជាប្រទេសអ្នកមាន នៅអាស៊ីអាគ្នេយ៍ នឹងផ្តល់ប្រាក់ឧបត្ថម្ភថ្លៃទឹកភ្លើង ដល់ពលរដ្ឋជាង ១លានគ្រួសារ ក្នុងខែតុលា

សិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរី នឹងផ្តល់ប្រាក់ត្រឡប់មកវិញ (Rebates) លើវិក្កយបត្រទឹកភ្លើងក្នុងទំហំទឹកប្រាក់ពី ១១០ ទៅ ១៩០ ដុល្លារសិង្ហបុរី (ប្រមាណ ៧៨ ទៅ ១៤៨ ដុល្លារអាមេរិក) ជូនដល់ប្រជាពលរដ្ឋជាង ១លានគ្រួសារ ដែលរស់នៅក្នុងអគារស្នាក់នៅសាធារណៈ (HDB) ក្នុងខែតុលានេះ ដើម្បីជួយសម្រួលដល់បន្ទុកចំណាយប្រចាំថ្ងៃ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន​ VN Express ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

ក្រសួងហិរញ្ញវត្ថុសិង្ហបុរី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា ដើម្បីមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ U-Save នេះ គ្រួសារដែលរស់នៅក្នុងផ្ទះល្វែងគ្រប់គ្រងដោយរដ្ឋ (HDB) ត្រូវតែមានម្ចាស់ ឬអ្នកស្នាក់នៅជាជនជាតិសិង្ហបុរីយ៉ាងហោចណាស់ម្នាក់ ឬមានអ្នកជួលជាជនជាតិសិង្ហបុរីម្នាក់ (ក្នុងករណីដែលផ្ទះនោះត្រូវបានជួលទាំងមូល)។
ទោះជាយ៉ាងណា គ្រួសារដែលសមាជិកណាម្នាក់មានកម្មសិទ្ធិអចលនទ្រព្យលើសពីមួយ នឹងមិនមានសិទ្ធិទទួលបានការអនុគ្រោះនេះឡើយ។ ទំហំនៃប្រាក់ឧបត្ថម្ភ គឺផ្តល់អាស្រ័យលើប្រភេទផ្ទះ ដោយគ្រួសារដែលរស់នៅក្នុងបន្ទប់ប្រភេទ១ ឬ២ នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងកម្រិតខ្ពស់ជាងគេ។

បន្ថែមពីនេះ គ្រួសារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក៏នឹងទទួលបានការលើកលែងថ្លៃសេវាថែទាំ និងអភិរក្សអគារ (S&CC) រហូតដល់មួយខែផងដែរ។ ថវិកានេះ ជាធម្មតាត្រូវបង់ទៅឱ្យក្រុមប្រឹក្សាក្រុង សម្រាប់សេវាកម្មដូចជា ការសម្អាតទីធ្លា ការថែទាំសួន ការប្រមូលសំរាម និងការកម្ចាត់សត្វល្អិតជាដើម។ ប៉ុន្តែសម្រាប់ផ្ទះដែលត្រូវបានជួលទាំងមូល ឬម្ចាស់ផ្ទះមានកម្មសិទ្ធិលើអចលនទ្រព្យឯកជន នឹងមិនទទួលបានការលើកលែងនេះទេ។ ប្រាក់ឧបត្ថម្ភ U-Save និងការលើកលែងសេវាថែទាំនេះ នឹងត្រូវកាត់កងដោយស្វ័យប្រវត្តិទៅក្នុងគណនីទឹកភ្លើង (SP Services) និងគណនីក្រុមប្រឹក្សាក្រុងរបស់ប្រជាពលរដ្ឋ។

ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ត្រូវបានធ្វើឡើងរៀងរាល់ត្រីមាស (ខែមេសា កក្កដា តុលា និងមករា) ដែលជាផ្នែកមួយនៃវិធានការរបស់រដ្ឋាភិបាល ក្នុងការជួយកាត់បន្ថយសម្ពាធនៃការចំណាយសម្រាប់គ្រួសារដែលមានចំណូលទាប និងមធ្យម។ គួរបញ្ជាក់ថា ទស្សនាវដ្តី The Economist បានចាត់ថ្នាក់សិង្ហបុរី ជាប្រទេសមានជាងគេទី២ លើពិភពលោក បន្ទាប់ពីប្រទេសស្វីស ដោយផ្អែកលើផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២៥។

យោងតាមសារព័ត៌មាន The Straits Times សម្រាប់ពេញមួយឆ្នាំហិរញ្ញវត្ថុ (ពីខែមេសា ឆ្នាំ២០២៦ ដល់មករា ឆ្នាំ២០២៧) ពលរដ្ឋអាចទទួលបានប្រាក់ឧបត្ថម្ភ U-Save សរុបរហូតដល់ ៧៦០ ដុល្លារសិង្ហបុរី និងការលើកលែងថ្លៃសេវា S&CC ស្មើនឹង ៣,៥ ខែ។

ស្របពេលជាមួយគ្នានេះ យោងតាមសារព័ត៌មាន Channel News Asia ពលរដ្ឋសិង្ហបុរីក៏នឹងចំណាយតិចជាងមុនលើថ្លៃអគ្គិសនី និងឧស្ម័ន ក្នុងត្រីមាសទី៤ ឆ្នាំ២០២៦ នេះផងដែរ ដោយសារការធ្លាក់ចុះនៃតម្លៃថាមពល។ ចាប់ពីខែតុលា ដល់ធ្នូ តម្លៃអគ្គិសនីនឹងធ្លាក់ចុះ ១០,៤% មកនៅត្រឹម ២៨,៥៩ សេន(សិង្ហបុរី) ក្នុងមួយគីឡូវ៉ាត់ម៉ោង ខណៈតម្លៃឧស្ម័ននឹងធ្លាក់ចុះ ៨,៦% មកនៅត្រឹម ២១,៤៥ សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ប្រៃសម្រួល៖ គីរី

To Top