ព្រីតធេន ចោទប្រកាន់ចិនថា បានប្រើប្រាស់អ្នកសិក្សាស្រាវជ្រាវ ដើម្បីស៊ើបការណ៍ សម្ងាត់លើបច្ចេកវិទ្យា AI និងកិច្ចការស្រាវជ្រាវផ្សេងៗ
ទីក្រុងឡុងដ៍៖ ទីភ្នាក់ងារចារកម្ម MI5 របស់ព្រីតធេន កាលពីថ្ងៃពុធ បានចេញការព្រមានជាសាធារណៈដែលមិនធ្លាប់មានពីមុនមក ដោយបញ្ជាក់ថា អង្គការរបស់ចិនមួយ បានជាប់ពាក់ព័ន្ធនឹងការផ្តល់មូលនិធិ សម្រាប់ការស្រាវជ្រាវផ្នែកសិក្សាលើប្រធានបទសំខាន់ៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) ក្នុងនាមឱ្យភ្នាក់ងារសន្តិសុខរដ្ឋរបស់ទីក្រុងប៉េកាំង នេបើតាមការចេញផ្សាយពី CNN ថ្ងៃទី១ ខែតុលា ឆ្នាម២០២៦។
នៅក្នុងសេចក្តីប្រកាស “ការព្រមានពីការស៊ើបការណ៍សម្ងាត់ ទីភ្នាក់ងារ MI5 បានលើកឡើងថា អ្នកសិក្សាស្រាវជ្រាវដែលមានមូលដ្ឋាននៅព្រីតធេនជាង ១០០ នាក់ បានចូលរួមចំណែកក្នុងគម្រោងផ្សេងៗដែលទទួលបានមូលនិធិពី វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាទូទៅចិន (CGTRI)។ MI5 អះអាងថា វិទ្យាស្ថាននេះមាន “ទំនាក់ទំនងយ៉ាងស្អិតរមួតបំផុត” ជាមួយក្រសួងសន្តិសុខរដ្ឋចិន (MSS) ដែលជាទីភ្នាក់ងារចារកម្មស៊ីវិលរបស់ទីក្រុងប៉េកាំង។
សេចក្តីព្រមានដដែលបានបញ្ជាក់យ៉ាងច្បាស់ថា៖ «MI5 បានរកឃើញថា គោលបំណងចម្បងរបស់ CGTRI គឺផ្តល់មូលនិធិសម្រាប់ការស្រាវជ្រាវផ្នែកសិក្សា ដែលជួយពង្រឹងដោយផ្ទាល់នូវសមត្ថភាពបច្ចេកទេសរបស់ MSS សម្រាប់ការស៊ើបការណ៍សម្ងាត់។»
ទីភ្នាក់ងារនេះបានបន្ថែមថា៖ «អ្នកសិក្សាស្រាវជ្រាវនៅព្រីតធេនបានចូលរួមចំណែកក្នុងគម្រោងដែលគាំទ្រថវិកាដោយ CGTRI លើប្រធានបទរួមមាន បញ្ញាសិប្បនិម្មិត (AI) សន្តិសុខអ៊ីនធឺណិត (Cybersecurity) ប្រព័ន្ធទំនាក់ទំនងសម្ងាត់ និងបច្ចេកវិទ្យាលាក់ព័ត៌មាន (Steganography គឺជាបច្ចេកទេសនៃការលាក់ព័ត៌មានសម្ងាត់នៅក្នុងសារ ឬវត្ថុផ្សេងៗ)។ សកម្មភាពនេះគាំទ្រដល់ការស៊ើបការណ៍សម្ងាត់របស់ MSS ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ព្រីតធេន។»
ការព្រមាននេះ ដែល MI5 អះអាងថាជាលើកទីមួយហើយដែលខ្លួនបានចេញផ្សាយជាសាធារណៈដោយឯករាជ្យ គឺជាការចោទប្រកាន់ចុងក្រោយបង្អស់ក្នុងចំណោមការចោទប្រកាន់ជាបន្តបន្ទាប់ទាក់ទងនឹងសកម្មភាពចារកម្មរបស់ចិន។ វាក៏បានឆ្លុះបញ្ចាំងពីភាពតានតឹងរវាងក្តីបារម្ភផ្នែកសន្តិសុខរបស់អង់គ្លេស និងការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការកសាងទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំងផងដែរ។
ទោះជាយ៉ាងណា ស្ថានទូតចិនប្រចាំនៅអង់គ្លេសបានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថា «ជារឿងប្រឌិត និងការស្រមើស្រមៃសុទ្ធសាធ»។
អ្នកនាំពាក្យស្ថានទូតចិនបានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានបែបនេះ ហើយបានដាក់ការតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីអង់គ្លេសរួចហើយ។»
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ជាចុងក្រោយថា៖ «យើងជំរុញឱ្យអាជ្ញាធរចារកម្មព្រីតធេន បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងឈប់បំផ្លាញការផ្លាស់ប្តូរផ្នែកអប់រំ ព្រមទាំងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងចិន និងព្រីតធេនតទៅទៀត។»
ប្រែសម្រួល៖ គីរី
