ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យា ការពារជាតិអ៊ីស្រាអែល​ នឹងផ្គត់ផ្គង់ប្រព័ន្ធប្រឆាំង យន្តហោះគ្មានមនុស្សបើក ដល់កងទ័ពអាមេរិក

យេរ៉ូសាឡិម៖ ក្រុមហ៊ុនបច្ចេកវិទ្យា ការពារជាតិអ៊ីស្រាអែលឈ្មោះ Smart Shooter បានប្រកាសជូនដំណឹងទៅកាន់ផ្សារហ៊ុន Tel Aviv កាលពីថ្ងៃពុធថា ខ្លួនទទួលបានកិច្ចសន្យាពីកងទ័ពអាមេរិក​ ដែលមានតម្លៃរហូតដល់ ១៥០លានដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ប្រព័ន្ធ និងការបណ្តុះបណ្តាល​ សម្រាប់ការប្រឆាំងនឹងយន្តហោះ គ្មានមនុស្សបើក ខ្នាតតូច។

បច្ចេកវិទ្យានេះត្រូវបានរចនាឡើង​ ដើម្បីរកឃើញ និងវាយប្រហារទៅលើយន្តហោះ គ្មានមនុស្សបើកខ្នាតតូចដែលមានទម្ងន់ស្រាល និងគោលដៅផ្លាស់ទីផ្សេងទៀតនៅលើអាកាស ដោយប្រើប្រាស់សមត្ថភាពស្ទាក់ចាប់ តាមរយៈការបំបុកដោយផ្ទាល់។

ប្រព័ន្ធនេះរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាគ្រប់គ្រងការបាញ់កម្រិតខ្ពស់ ជាមួយនឹងប្រព័ន្ធអាវុធ​ ដែលមានភាពជាក់លាក់ខ្ពស់ ដែលជួយឱ្យទាហានអាចតាមដានគោលដៅ​ ដែលកំពុងផ្លាស់ទី និងបង្កើនភាពត្រឹមត្រូវក្នុងការបាញ់។

ប្រព័ន្ធទាំងនេះនឹងត្រូវបានផ្គត់ផ្គង់ជាផ្នែកមួយនៃកម្មវិធី “Domestic Shield” របស់សហរដ្ឋអាមេរិក ដែលមានគោលបំណងគាំទ្រដល់ការការពារកងកម្លាំង និងមូលដ្ឋានទ័ពប្រឆាំងនឹងការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅក្រៅប្រទេស៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top