ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យកូរ៉េខាងជើង ស្តារកិច្ចសន្ទនាឡើងវិញ និងប្តេជ្ញាពង្រឹងកម្លាំងយោធា ក្រោយហេតុការណ៍ផ្ទុះមីន បណ្តាលឱ្យទាហានកូរ៉េខាងត្បូង ៣ នាក់រងរបួស នៅក្នុងតំបន់គ្មានយោធា

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានអំពាវនាវឱ្យកូរ៉េខាងជើងចូលរួមក្នុងការស្តារទំនុកចិត្ត និងបន្តកិច្ចសន្ទនាឡើងវិញ បន្ទាប់ពីមានការផ្អាកអស់រយៈពេលជាយូរ ។ ការអំពាវនាវនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង បានផ្លាស់ប្តូរការរិះគន់គ្នាទៅវិញ ទៅមកជុំវិញហេតុការណ៍ផ្ទុះមីន ដែលយោធាកូរ៉េខាងត្បូង និងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (UN Command) ចាត់ទុកថា ជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ថា លោក Lee បានថ្លែងនៅក្នុងសុន្ទរកថា អបអរសាទរទិវាកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសថា «ខ្ញុំសង្ឃឹមថា ភាគីខាងជើងនឹងចូលរួមជាមួយយើងនៅលើមាគ៌ា នៃការស្តារទំនុកចិត្ត និងការបន្តកិច្ចសន្ទនាឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេលជាយូរ»។ លោកបានបន្ថែមថា រដ្ឋបាលរបស់លោកនឹង «បន្តអនុវត្តវិធានការជាក់ស្តែងជាប្រចាំ ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធារវាងកូរ៉េទាំងពីរ» ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូង និងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិបានអះអាងថា កូរ៉េខាងជើងបានរំលោភលើកិច្ចព្រមព្រៀង ឈប់បាញ់នៃសង្គ្រាមកូរ៉េ ក្រោយពីមានហេតុការណ៍ផ្ទុះមីនកាលពីសប្តាហ៍មុន ដែលបានបណ្តាលឱ្យទាហានកូរ៉េខាងត្បូងចំនួន ៣ នាក់រងរបួសនៅក្នុងតំបន់គ្មានយោធា (DMZ)។

លោកស្រី Kim Yo-jong ដែលជាប្អូនស្រី ដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានបដិសេធការរកឃើញទាំងនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយចោទប្រកាន់ទីក្រុងសេអ៊ូលថា បានប្រឌិតលទ្ធផល និងបានព្រមានអំពីការសងសឹកវិញផងដែរ៕

To Top