តម្លៃប្រេងបានធ្លាក់ចុះ ខណៈការនាំចេញ ពីតំបន់ឈូងសមុទ្រ ដែលងើបឡើងវិញ ដែលជួយកាត់បន្ថយការព្រួយ បារម្ភអំពីការផ្គត់ផ្គង់
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះ ១% នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារការងើបឡើងវិញនៃការនាំចេញប្រេងឆៅពីតំបន់ឈូងសមុទ្រពែក្ស និងការកើនឡើងនៃស្តុកប្រេងនៅសហរដ្ឋអាមេរិកដែលលើសពីការរំពឹងទុក បានជួយកាត់បន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ខណៈដែលវិនិយោគិន កំពុងតាមដានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះរបស់ពួកគេនៅមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,១% មកនៅត្រឹម ៩៦,៩២ ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១,៤% មកនៅត្រឹម ៨៩,១៨ ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងគោលទាំងពីរនេះបានកើនឡើងប្រហែល ១ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃពុធ។ ប្រេង Brent បានកត់ត្រាការកើនឡើងប្រហែល ១៤% ក្នុងខែកញ្ញា ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីខែកក្កដាមក ខណៈដែលប្រេង WTI បានកើនឡើងប្រហែល ៥% ក្នុងខែដដែលនោះ។
Sugandha Sachdeva ស្ថាបនិកក្រុមហ៊ុនស្រាវជ្រាវ SS WealthStreet ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី បានមានប្រសាសន៍ថា៖ «និន្នាការរយៈពេលខ្លីសម្រាប់តម្លៃប្រេងនៅតែមានសភាពធ្លាក់ចុះ ដោយសារការងើបឡើងវិញនៃការដឹកជញ្ជូនប្រេងពីតំបន់ឈូងសមុទ្រពែក្ស ការចាប់ផ្តើមឡើងវិញនៃការនាំចេញរបស់អារ៉ាប៊ីសាអូឌីតតាមរយៈកំពង់ផែ Yanbu និងការកើនឡើងនៃស្តុកប្រេងនៅសហរដ្ឋអាមេរិក បានជួយកាត់បន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់»។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអង្គារថា អារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមដំណើរការផ្ទុកប្រេងឡើងវិញនៅលើនាវាដឹកប្រេងពីកំពង់ផែ Yanbu បន្ទាប់ពីបានចាប់ផ្តើមដំណើរការបំពង់បង្ហូរប្រេង East-West ឡើងវិញកាលពីពេលមុននេះ។
ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារព័ត៌មានថាមពលអាមេរិក (EIA) បានឱ្យដឹងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន ៩២២.០០០ បារ៉ែល មក ៤២៧,៣ លានបារ៉ែលនៅក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ២៥ ខែកញ្ញា ខណៈដែលការស្ទង់មតិរបស់ Reuters បានព្យាករណ៍ថា ស្តុកប្រេងនឹងថយចុះចំនួន ២៦៤.០០០ បារ៉ែល។
ប្រែសម្រួលៈ តុលា
