ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បញ្ជូនកងទ័ព ៩.០០០នាក់ តាមនាវាចម្បាំង ទៅកាន់មជ្ឈិមបូព៌ា ខណៈលោក ដូណាល់ ត្រាំ ព្រមានវាយប្រហារថ្មី លើអ៊ីរ៉ង់

​វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិក កំពុងចល័តកងទ័ពប្រមាណ ៩.០០០នាក់ តាមរយៈក្រុមនាវាចម្បាំង ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ។ ការដាក់ពង្រាយកម្លាំងយ៉ាងសន្ធឹកសន្ធាប់នេះ ធ្វើឡើងស្របពេល ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើការវាយប្រហារថ្មីៗប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន AP ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

ទំហំនៃការដាក់ពង្រាយកម្លាំងយោធា ដោយក្រុមនាវាចម្បាំងដែលកំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានៅពេលនេះ មានផ្ទុកនាវិកជាង ៧.០០០នាក់ និងកងទ័ពម៉ារីន (Marines) ប្រមាណ ២.០០០នាក់។ មន្ត្រីអាមេរិកបានបញ្ជាក់ថា កងកម្លាំងទាំងនេះបានចាកចេញពីតំបន់ឆ្នេរភាគខាងលិចនៃសហរដ្ឋអាមេរិក មុនកាលកំណត់ប្រហែល ៣សប្តាហ៍។

ការព្រមានធ្ងន់ៗពីលោក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានព្រមានយ៉ាងដាច់អហង្ការថា ប្រសិនបើរកឃើញថាមានភស្តុតាងបញ្ជាក់ពីការពាក់ព័ន្ធរបស់អ៊ីរ៉ង់ (ក្នុងហេតុការណ៍ណាមួយ) សហរដ្ឋអាមេរិកនឹងធ្វើការសងសឹកវិញ។ លោកបានសង្កត់ធ្ងន់ថា៖ «ពួកគេនឹងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ កុំបារម្ភអី។ គ្រាន់តែសួរពួកគេចុះ ពួកគេដឹងច្បាស់ថាមានអ្វីកើតឡើង»។

គោលដៅទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែរអ៊ីរ៉ង់ ទាក់ទងនឹងយុទ្ធសាស្ត្រនេះ លោកប្រធានាធិបតីបានលើកឡើងថា វាជារឿងចាំបាច់ដើម្បីធានាថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរនោះទេ។ លោកបានបន្ថែមថា មនុស្ស ១០០% នៅទូទាំងពិភពលោក គឺសុទ្ធតែប្រឆាំងដាច់ខាតចំពោះការដែលអ៊ីរ៉ង់មានសមត្ថភាពវាយប្រហារដោយនុយក្លេអ៊ែរ។
បរិបទនៃភាពតានតឹង ការបញ្ជូនកម្លាំងទ័ពដ៏ធំនេះ កើតឡើងក្នុងបរិបទនៃជម្លោះប្រដាប់អាវុធ និងភាពតានតឹងដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពិសេសជុំវិញការគ្រប់គ្រងច្រកសមុទ្រ ហ័រមូស (Strait of Hormuz) ដែលជាច្រករបៀងដឹកជញ្ជូនប្រេងនិងថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
​សកម្មភាពយោធានេះ បង្ហាញពីការត្រៀមលក្ខណៈកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងការបង្កើនឥទ្ធិពល និងការឆ្លើយតបយ៉ាងរហ័ស ទៅនឹងការគំរាមកំហែងណាមួយ ពីសំណាក់ទីក្រុងតេអេរ៉ង់ ខណៈស្ថានការណ៍សន្តិសុខ នៅតំបន់មជ្ឈិមបូព៌ានៅតែបន្តផុយស្រួយ។

ប្រែសម្រួល៖ គីរី

To Top