ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាមេរិក ភាគច្រើនបន្ទោសលោក ដូណាល់ ត្រាំ ចំពោះការឡើងថ្លៃទំនិញ ខណៈអត្រាគាំទ្រផ្នែកសេដ្ឋកិច្ច ធ្លាក់ចុះដល់កម្រិត ទាបបំផុត

​វ៉ាស៊ីនតោន៖ យោងតាមការស្ទង់មតិថ្មីមួយ របស់ស្ថាប័ន AP-NORC បានបង្ហាញថា ពលរដ្ឋអាមេរិកកំពុងមានការ ខកចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំ សេដ្ឋកិច្ចរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដោយភាគច្រើនបានទម្លាក់ កំហុសលើគោលនយោបាយរបស់លោក ថាជាមូលហេតុចម្បង ដែលធ្វើឱ្យទំនិញឡើងថ្លៃកប់ពពក និងប៉ះពាល់ដល់ជីវភាពរស់នៅ ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។
​ខាងក្រោមនេះជាចំណុចសំខាន់ៗ ដែលដកស្រង់ចេញ ពីលទ្ធផលនៃការស្ទង់មតិ ៖
ការធ្លាក់ចុះនៃការគាំទ្រយ៉ាង គំហុក មានពលរដ្ឋពេញវ័យត្រឹមតែ ២៦% ប៉ុណ្ណោះដែលនៅតែគាំទ្រ ការដឹកនាំសេដ្ឋកិច្ចជារួម របស់លោក ត្រាំ ដែលនេះជាកម្រិតទាបបំផុតថ្មីមួយ (ធ្លាក់ចុះដល់ទៅ ១៤% បើធៀបនឹងខែមីនា ឆ្នាំ២០២៥ ពេលលោកទើបចូលកាន់តំណែងអាណត្តិទី២)។ កាន់តែអាក្រក់ជាងនេះទៅទៀត ការគាំទ្រលើការដោះស្រាយបញ្ហាតម្លៃរស់នៅ (Cost of living) គឺមានត្រឹមតែ ១៧% ប៉ុណ្ណោះ។

ការបន្ទោសលើគោលនយោបាយលោក ត្រាំ ៦៥% នៃពលរដ្ឋអាមេរិក បានបន្ទោសដោយត្រង់ៗទៅលើគោលនយោបាយរបស់លោក ត្រាំ ថាធ្វើឱ្យទំនិញឡើងថ្លៃ។ ពលរដ្ឋប្រហែលពាក់កណ្តាលកំពុងបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពក្នុងការចាក់សាំង និងទិញគ្រឿងទេសប្រចាំថ្ងៃ។

អ្នកចូលរួមការស្ទង់មតិ (រាប់បញ្ចូលទាំងអ្នកគាំទ្រគណបក្សសាធារណរដ្ឋមួយចំនួន) បានចង្អុលបង្ហាញពី សង្គ្រាមនៅអ៊ីរ៉ង់ និងការដំឡើងពន្ធនាំចូល (Tariffs) លើប្រទេសដទៃ ថាជាកត្តាធ្វើឱ្យសេដ្ឋកិច្ចជួបការលំបាក។ ពលរដ្ឋដល់ទៅ ៦៩% យល់ថាសង្គ្រាមនៅអ៊ីរ៉ង់ជារឿង មិនសមនឹងធ្វើ ហើយមានតែ ២៨% ប៉ុណ្ណោះដែលគាំទ្រចំណាត់ការ របស់លោកលើបញ្ហានេះ។

ប្រជាជនប្រហែល ៦០% ជឿថាប្រទេសជាតិកំពុងស្ថិត ក្នុងស្ថានភាពអាក្រក់ជាងពេល ដែលលោកចាប់ផ្តើមអាណត្តិទី២ ទៅទៀត។ ទោះជាយ៉ាងណាក្តី ចំណុចខ្លាំងមួយដែលលោក ត្រាំ នៅតែរក្សាបាន គឺបញ្ហាសន្តិសុខព្រំដែន ដោយមានការគាំទ្រប្រមាណ ៥០%។

​លទ្ធផលនៃការស្ទង់មតិនេះឆ្លុះបញ្ចាំងពីហានិភ័យ និងបញ្ហាប្រឈមផ្នែកនយោបាយដ៏ធំមួយសម្រាប់លោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋ ស្របពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាន់តែខិតជិតមកដល់ ខណៈដែលបញ្ហាអតិផរណា និងការលំបាកផ្នែកសេដ្ឋកិច្ចនៅតែបន្តជាក្តីបារម្ភធំបំផុតរបស់ប្រជាជនអាមេរិកទូទៅ។

ប្រែសម្រួល៖ គីរី

To Top