ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ព្រមានបារាំង និង អាល្លឺម៉ង់ ឱ្យបញ្ចេញប្រេងម៉ាស៊ូតបម្រុង បើមិនដូច្នោះទេ នឹងប្រឈមមុខ នឹងបម្រាមនាំចេញ

​បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់ប្រទេសអាល្លឺម៉ង់ និងបារាំង ឱ្យបញ្ចេញប្រេងម៉ាស៊ូតបម្រុងបន្ទាន់របស់ខ្លួន ដើម្បីជួយទប់ទល់នឹងការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈសកល បើពុំនោះទេ នឹងអាចប្រឈមមុខនឹងបម្រាម នាំចេញប្រេងម៉ាស៊ូតពីសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពជិតស្និទ្ធ នឹងកិច្ចពិភាក្សាចំនួន ៣រូប ដែលបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
​
ការព្រមាននេះបង្ហាញពីការដាក់សម្ពាធកាន់តែខ្លាំងពីទីក្រុងវ៉ាស៊ីនតោនមកលើអឺរ៉ុប ខណៈលោក ដូណាល់ ត្រាំ កំពុងពិចារណាលើការផ្អាក ឬហាមឃាត់ការនាំចេញប្រេង ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈក្នុងស្រុកអាមេរិក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ចូលមកដល់ក្នុងខែវិច្ឆិកា។

សម្រាប់សហភាពអឺរ៉ុប ការបញ្ចេញប្រេងបម្រុងបន្ថែមគឺជាការសម្រេចចិត្តដ៏លំបាកបំផុត ព្រោះពួកគេត្រូវថ្លឹងថ្លែងរវាងតម្រូវការបញ្ចុះតម្លៃប្រេងក្នុងស្រុកនាពេលបច្ចុប្បន្ន និងការរក្សាទុកប្រេងបម្រុងឱ្យបានខ្ពស់ ដើម្បីត្រៀមទប់ទល់នឹងវិបត្តិឥន្ធនៈដែលអាចកាន់តែធ្ងន់ធ្ងរ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយទេនោះ។

ក្រុមការងារថាមពលរបស់សហភាពអឺរ៉ុប (ដែលមានគណៈកម្មការអឺរ៉ុប និងប្រទេសជាសមាជិកទាំង ២៧) បានរៀបចំកិច្ចប្រជុំតាមទូរស័ព្ទនៅព្រឹកថ្ងៃសុក្រ ដើម្បីពិភាក្សាលើស្ថានការណ៍នេះ បន្ទាប់ពីកិច្ចពិភាក្សាបឋមកាលពីថ្ងៃព្រហស្បតិ៍រវាងគណៈកម្មការអឺរ៉ុប, អាល្លឺម៉ង់, បារាំង, អ៊ីតាលី, អង់គ្លេស និងអៀរឡង់។

ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់បានបញ្ជាក់ថា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) មិនទាន់បានស្នើសុំឱ្យអាល្លឺម៉ង់បញ្ចេញប្រេងបម្រុងនៅឡើយទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថាតើ IEA នឹងបើកកិច្ចប្រជុំបន្ទាប់នៅពេលណានោះដែរ។

ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញការមិនពេញចិត្តជាពិសេសចំពោះបារាំង និងអាល្លឺម៉ង់ ដោយមន្ត្រីអាមេរិកយល់ឃើញថា ប្រទេសទាំងពីរនេះមិនបានអនុវត្តតាមការសន្យាកន្លងមកឱ្យបានពេញលេញ ក្នុងការបញ្ចេញប្រេងឆៅ និងផលិតផលប្រេងបម្រុងបន្ទាន់នោះឡើយ។

​មន្ត្រីអាមេរិកមួយរូបបានបញ្ជាក់ថា កិច្ចសហការជាមួយសហរដ្ឋអាមេរិក គឺជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់អឺរ៉ុប ក្នុងការស្វែងរកមធ្យោបាយបង្កើនការផ្គត់ផ្គង់ និងកាត់បន្ថយបន្ទុកចំណាយសម្រាប់ប្រជាពលរដ្ឋ ខណៈទំនាក់ទំនងរវាងភាគីទាំងពីរកំពុងមានភាពល្អក់កករស្រាប់ជុំវិញជម្លោះពន្ធគយ និងការចំណាយលើវិស័យយោធា។

ប្រែសម្រួល៖ គីរី

To Top