អាល្លឺម៉ង់ នឹងបង្កើតកងវរសេនាធំ ដ្រូនដំបូងគេ នៅឆ្នាំ២០២៧
ប៊ែរឡាំង៖ លោក Boris Pistorius រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសថា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ នឹងបង្កើតកងវរសេនាធំដ្រូនឯកទេសដំបូងគេរបស់ខ្លួននៅឆ្នាំ ២០២៧ ដើម្បីសម្របខ្លួនទៅនឹងសង្គ្រាមសម័យទំនើប ដែលមានការវិវត្តឥតឈប់ឈរ។
ថ្លែងក្នុងអំឡុងពេលចុះទស្សនកិច្ចនៅទីតាំងហ្វឹកហ្វឺនយោធាមួយកន្លែងក្នុងតំបន់ Bergen រដ្ឋ Lower Saxony លោក Pistorius បានលើកឡើងថា ការសម្រេចចិត្តនេះ គឺផ្អែកលើមេរៀនដែលទទួលបានពីជម្លោះនៅអ៊ុយក្រែន។
លោកបានបញ្ជាក់ថា កងវរសេនាធំដែលគ្រោងបង្កើតឡើងនេះ នឹងដាក់ពង្រាយទាំងប្រព័ន្ធដ្រូនផ្លូវអាកាស និងប្រព័ន្ធដ្រូនលើដី ដែលមានរយៈចម្ងាយ ប្រតិបត្តិការរហូតដល់ ៥០០ គីឡូម៉ែត្រ ហើយវានឹងរួមបញ្ចូលទាំង កងអនុសេនាតូចផ្នែកសង្គ្រាមអេឡិចត្រូនិកផងដែរ។
អង្គភាពឯកទេសនេះនឹងចាប់ផ្តើមដោយមានកងទ័ពប្រហែល ៣០០ នាក់ មុននឹងពង្រីកកម្លាំងឱ្យដល់គោលដៅចំនួន ៦០០ នាក់៕
ប្រែសម្រួល ឈូក បូរ៉ា
