ព័ត៌មានអន្តរជាតិ

ហុងគ្រី​ បញ្ជាក់ថា ខ្លួនមិនមានបំណងបង្កើនភាពតានតឹង ផ្នែកការទូតជាមួយរុស្ស៊ីឡើយ

ប៊ូដាប៉េស៖ ក្រសួងការបរទេសហុងគ្រី​ បានឧ្យដឹងថា ហុងគ្រី​ មិនមានបំណងបង្កើនភាពតានតឹង ផ្នែកការទូតនោះទេ ប៉ុន្តែនៅតែរក្សាជំហរលើការសម្រេចចិត្ត របស់ខ្លួនពីមុន ដោយបញ្ជាក់ថា​ វាផ្អែកលើការពិចារណា អំពីសន្តិសុខជាតិ។

ក្រសួងនេះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Facebook ថា «ប្រតិបត្តិការនៃបេសកកម្មរបស់យើងនៅក្នុងប្រទេសរុស្ស៊ី​ នឹងបន្តត្រូវបានធានា ហើយវត្តមានផ្នែកការទូតរបស់ហុងគ្រីនៅក្នុងប្រទេសរុស្ស៊ី​ នឹងនៅតែបន្តរក្សាទុក»។

កាលពីថ្ងៃទី ៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសហុងគ្រី លោកស្រី Anita Orban បានប្រកាសថា ហុងគ្រី​ កំពុងបណ្តេញបុគ្គលិកចំនួន ១០ នាក់នៃស្ថានទូតរុស្ស៊ី​ ប្រចាំទីក្រុងប៊ូដាប៉េស ដោយសារសកម្មភាពរបស់ពួកគេមិនស្របនឹងឋានៈជាអ្នកការទូត។

ក្រសួងការបរទេសរុស្ស៊ី​ បានកោះហៅលោក Gabor Gergics ដែលជាប្រធានបេសកកម្មការទូតរបស់ហុងគ្រីប្រចាំរុស្ស៊ី​មកជួបកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជូនដំណឹងអំពីវិធានការសងសឹក ពាក់ព័ន្ធនឹងការដែលហុងគ្រីបានបណ្តេញអ្នកការទូតរុស្ស៊ីកាលពីថ្ងៃទី ៨ ខែកញ្ញា។

ក្រសួងការបរទេសរុស្ស៊ី​ បានឧ្យដឹងថា «ក្រុមបុគ្គលិកនៃស្ថានទូតហុងគ្រីប្រចាំទីក្រុងមូស្គូ និងស្ថានកុងស៊ុលទូទៅរបស់ហុងគ្រីប្រចាំទីក្រុង St. Petersburg និងទីក្រុង Kazan ត្រូវតែចាកចេញពីទឹកដីនៃសហព័ន្ធរុស្ស៊ីក្នុងរយៈពេលពីរសប្តាហ៍»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top