ទំនុកចិត្តផ្នែកអាជីវកម្ម របស់ប្រទេសថៃ ធ្លាក់ចុះស្ទេីរគ្រប់វិស័យ ចំពេលមានភាពតានតឹងឡើងវិញ នៅតំបន់មជ្ឈិមបូព៌ា
បាងកក៖ ទិន្នន័យពីធនាគារកណ្តាលបានបង្ហាញថា ទំនុកចិត្តផ្នែកអាជីវកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះនៅក្នុងខែកញ្ញា នៅស្ទើរតែគ្រប់វិស័យ ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើងវិញ ហើយឥទ្ធិពលនៃវិធានការជំរុញ សេដ្ឋកិច្ចរបស់រដ្ឋាភិបាលបានចាប់ផ្តើមថយចុះ។
យោងតាមធនាគារកណ្តាលថៃ សន្ទស្សន៍ទំនុកចិត្តផ្នែកអាជីវកម្ម (BSI) របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះមកនៅត្រឹម ៤៨,១ កាលពីខែមុន ធៀបនឹង ៤៩,៨ នៅក្នុងខែសីហា ដោយសារការធ្លាក់ចុះនៃផ្នែកសំខាន់ៗមួយចំនួនដូចជា ការផលិត លទ្ធផលប្រតិបត្តិការ និងការចំណាយ។
ធនាគារកណ្តាលថៃ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សន្ទស្សន៍សម្រាប់វិស័យក្រៅផលិតកម្មបានធ្លាក់ចុះមកនៅត្រឹម ៤៧,៥ ដោយមានការថយចុះនៅក្នុងវិស័យជាច្រើន ជាពិសេសវិស័យដឹកជញ្ជូន ដែលកំពុងប្រឈមមុខនឹងសម្ពាធនៃការចំណាយកើនឡើង ដោយសារតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃ ចំពេលដែលមានជម្លោះក្នុងតំបន់ផ្ទុះឡើងវិញ។
លើសពីនេះ ទំនុកចិត្តនៅក្នុងវិស័យលក់រាយក៏បានធ្លាក់ចុះផងដែរ ដោយសារតម្រូវការទំនិញប្រើប្រាស់មានសភាពយឺតយ៉ាវ ហើយការគាំទ្រតាមរយៈវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋបានចាប់ផ្តើមថយចុះ។
បច្ចុប្បន្ននេះ តួលេខសម្រាប់វិស័យក្រៅផលិតកម្មនៅតែបន្តស្ថិតនៅក្រោមកម្រិត ៥០ (ដែលជាកម្រិតមិនមានការប្រែប្រួល) អស់រយៈពេល ១០ ខែជាប់ៗគ្នា ដែលនេះបង្ហាញពីកម្លាំងនៃការចំណាយក្នុងស្រុកដ៏ខ្សោយរបស់ប្រទេសថៃ៕
ប្រែសម្រួល ឈូក បូរ៉ា
