ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ អះអាងថា រុស្ស៊ី​ បេីកការវាយប្រហារលេីវិទ្យាស្ថានស្រាវជ្រាវ នុយក្លេអ៊ែរនៅទីក្រុងគៀវ

គៀវ៖​ អាជ្ញាធរអ៊ុយក្រែន​ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ីមួយគ្រឿង បានវាយប្រហារវិទ្យាស្ថានស្រាវជ្រាវ នុយក្លេអ៊ែរនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិ អ៊ុយក្រែន ដែលជាទីតាំងនៃរ៉េអាក់ទ័រស្រាវជ្រាវ WWR-M របស់ទីក្រុងគៀវ។

ការវាយប្រហារនេះបានកើតឡើងនៅម៉ោង ៦:១៨ ល្ងាច ម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ និងបានបង្កឱ្យមានអគ្គិភ័យ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីការ បាត់បង់ជីវិត ឬរបួសនោះទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អធិការកិច្ចត្រួតពិនិត្យនុយក្លេអ៊ែររដ្ឋអ៊ុយក្រែន។

ទីភ្នាក់ងារនេះបានបញ្ជាក់ថា រ៉េអាក់ទ័រផ្ទាល់ និងប្រព័ន្ធសុវត្ថិភាពសំខាន់ៗរបស់វាមិនត្រូវបានខូចខាតឡើយ ហើយក៏មិនមានការផ្លាស់ប្តូរណាមួយ នៅក្នុងកម្រិតវិទ្យុសកម្មក្នុងបរិយាកាសត្រូវបានរកឃើញនោះដែរ។

យោងតាម ​អធិការកិច្ចត្រួតពិនិត្យនុយក្លេអ៊ែររដ្ឋអ៊ុយក្រែន រ៉េអាក់ទ័រនេះត្រូវបានបិទដំណើរការតាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មកម្ល៉េះ ដើម្បីកាត់បន្ថយហានិភ័យនៃវិទ្យុសកម្ម ហើយស្នូលរបស់វាត្រូវបានដកចេញទាំងស្រុងរួចហើយ។​ យ៉ាងណាមិញ​ អាជ្ញាធររុស្ស៊ី​ មិនទាន់បានធ្វើអត្ថាធិប្បាយលើហេតុការណ៍នេះនៅឡើយទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top