ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-16V ស៊េរីថ្មីដំបូងគេ២គ្រឿង នឹងមកដល់កោះតៃវ៉ាន់ នៅថ្ងៃសុក្រ ដើម្បីពង្រឹងសមត្ថភាពការពារ ប្រឆាំងនឹងប្រទេសចិន

បរទេស៖ យន្តហោះចម្បាំង F-16V ស៊េរីថ្មីចំនួន ២ គ្រឿងដំបូង ក្នុងចំណោមការបញ្ជាទិញសរុប ៦៦ គ្រឿងដែលបានធ្វើឡើងកាលពីឆ្នាំ ២០១៩ នឹងមកដល់កោះតៃវ៉ាន់នៅថ្ងៃសុក្រ បន្ទាប់ពីមានការពន្យារពេលអស់រយៈពេលជាច្រើនខែ។ ការមកដល់នេះនឹងជួយពង្រឹងកងទ័ពអាកាសរបស់កោះតៃវ៉ាន់ ដែលត្រូវបញ្ជូនយន្តហោះឡើងទៅតាមដានសកម្មភាពយោធាចិនស្ទើរតែរៀងរាល់ថ្ងៃ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ថា កោះតៃវ៉ាន់កំពុងប្រឈមមុខនឹងការគំរាមកំហែង ផ្នែកយោធាកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង ដែលអះអាងថា កោះដែលគ្រប់គ្រង តាមបែបប្រជាធិបតេយ្យមួយនេះ គឺជាទឹកដីរបស់ខ្លួន។ ទីក្រុងតៃប៉ិបានត្អូញត្អែរអំពីការពន្យារពេល ជាបន្តបន្ទាប់លើការដឹកជញ្ជូនអាវុធ ដែលបានបញ្ជាទិញពីសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់ខ្លួននៅលើឆាកអន្តរជាតិ។

ការដឹកជញ្ជូនយន្តហោះទាំងនេះទៅកាន់មូលដ្ឋានទ័ពអាកាស Taitung នៅតំបន់ឆ្នេរភាគខាងកើតដែលមានភ្នំច្រើននេះ បានធ្វើឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងកោះតៃវ៉ាន់ អំពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក Trump ក្នុងការផ្គត់ផ្គង់អាវុធដល់តៃប៉ិ ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានអះអាងថា មិនមានការផ្លាស់ប្តូរគោលនយោបាយណាមួយក៏ដោយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសភាក្នុងទីក្រុងតៃប៉ិ រដ្ឋមន្ត្រីក្រសួងការពារជាតិកោះតៃវ៉ាន់ លោក Wellington Koo បានមានប្រសាសន៍ថា នឹងមានយន្តហោះ F-16V ស៊េរីថ្មីផ្សេងទៀតមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

ប្រែសម្រួលៈ តុលា

To Top