រដ្ឋាភិបាលថៃ ធានារ៉ាប់រងផ្ទះចំនួន ៣០ លានខ្នង ប្រឆាំង នឹងគ្រោះមហន្តរាយចាប់ពីថ្ងៃទី ១ ខែតុលា ដើម្បីឱ្យប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់អាចទទួលបាន ជំនួយកាន់តែឆាប់រហ័ស
បរទេស៖ លោក Jeseth Thaiseth អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសកាលពីថ្ងៃទី ៣០ ខែកញ្ញាថា គម្រោងធានារ៉ាប់រងគ្រោះមហន្តរាយ ដែលផ្តល់មូលនិធិ ដោយរដ្ឋាភិបាលថៃ នឹងគ្របដណ្តប់លើលំនៅដ្ឋានចំនួន ៣០ លានខ្នង ចាប់ពីម៉ោង ១២:០១ នាទីរំលងអធ្រាត្រ ថ្ងៃទី ១ ខែតុលា តទៅ។ គម្រោងនេះគ្របដណ្តប់លើករណីទឹកជំនន់ ខ្យល់ព្យុះ និងការរញ្ជួយដី ទាំងនៅក្នុងទីក្រុងបាងកក និងតាមបណ្តាខេត្តនានា។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ថា លោក Jeseth បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីបានអនុម័តថវិកា ចំនួន ១៥,៥ ពាន់លានបាតសម្រាប់កម្មវិធីនេះកាលពីថ្ងៃទី ២២ ខែកញ្ញា ដោយប្រើប្រាស់ថវិកាបម្រុង កណ្តាលសម្រាប់ករណីបន្ទាន់ ឬការចំណាយចាំបាច់ផ្សេងទៀត សម្រាប់ឆ្នាំសារពើពន្ធ ២០២៦។
លោក Jeseth បានលើកឡើងថា គម្រោងធានារ៉ាប់រងនេះនឹងជួយគាំទ្រ បន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលមានស្រាប់ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ ដើម្បីឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចទទួលបានជំនួយកាន់តែឆាប់រហ័ស និងអាចត្រឡប់ទៅរកជីវភាពធម្មតាវិញបានលឿនជាងមុន។
លោកបានពន្យល់ថា គ្រោះមហន្តរាយធម្មជាតិកំពុងកើតឡើងញឹកញាប់ និងមានភាពធ្ងន់ធ្ងរជាងមុន ខណៈដែលយន្តការផ្តល់ជំនួយ និងសំណងដែលមានស្រាប់របស់ប្រទេសថៃដំណើរការតែបន្ទាប់ពីហេតុការណ៍បានកើតឡើងរួចហើយ ដែលជាហេតុនាំឱ្យមានការពន្យារពេល។
ប្រែសម្រួលៈ តុលា
