ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង គំរាមចាត់វិធានការ ប្រឆាំងនឹងអ៊ុយក្រែន ពាក់ព័ន្ធនឹងការផ្ទេរទាហាន កូរ៉េខាងជើងដែលជាការសម្ងាត់

បរទេស៖ នៅថ្ងៃសុក្រ លោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូង បានគំរាមចាត់វិធានការ ដែលមិនបានបញ្ជាក់លម្អិតប្រឆាំងនឹងអ៊ុយក្រែន ប្រសិនបើទីក្រុងគៀវ មិនទទួលស្គាល់នូវអ្វីដែលទីក្រុង សេអ៊ូល អះអាងថា ជាកិច្ចព្រមព្រៀងរក្សាការសម្ងាត់ ជុំវិញការផ្ទេរទាហានកូរ៉េខាងជើង ពីរនាក់ដែលត្រូវបានចាប់ខ្លួន និងមិនធ្វើការសុំទោសនោះទេ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ថា លោក Lee បានសរសេរនៅក្នុង សារមួយនៅលើបណ្តាញសង្គម X ថា៖ «ប្រសិនបើការបដិសេធមិនទទួលស្គាល់ការពិត និងមិនធ្វើការសុំទោសជាសាធារណៈនៅតែបន្តកើតមាន យើងនឹងចាត់វិធានការបន្ថែមទៀត»។

លោក Lee ក៏បានសម្តែង «ការសោកស្តាយយ៉ាងខ្លាំង» ចំពោះអ្វីដែល លោកបានពណ៌នាថា ជាការលើកឡើង របស់អ៊ុយក្រែនអំពីការប៉ះទង្គិចគ្នាផ្នែកយោធាដែលអាចនឹងកើតឡើងក្នុងពេលឆាប់ៗរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដោយលោកលើកឡើងថា ការលើកឡើងទាំងនោះស្មើនឹងការញុះញង់ឱ្យមានសង្គ្រាមនៅលើឧបទ្វីបកូរ៉េ។

ទីក្រុង សេអ៊ូល និងទីក្រុងគៀវ បានជាប់នៅក្នុងជម្លោះការទូតមួយ ចាប់តាំងពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសនៅ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែមុនថា អ៊ុយក្រែនបានផ្ទេរទាហាន កូរ៉េខាងជើងពីរនាក់ ដែលត្រូវបានចាប់ខ្លួនខណៈពេលកំពុងប្រយុទ្ធឱ្យរុស្ស៊ី ទៅកាន់ប្រទេសកូរ៉េខាងត្បូង។

បន្ទាប់មក ទីក្រុង សេអ៊ូល បានចោទទីក្រុងគៀវវិញថា បានរំលោភលើកិច្ចព្រមព្រៀង មួយក្នុងការរក្សាការ សម្ងាត់ជុំវិញការផ្ទេរនោះ ដើម្បីការពារសុវត្ថិភាព របស់ទាហានទាំងពីរនាក់ ខណៈដែលមន្ត្រីអ៊ុយក្រែនបានអះអាងថា មិនមានកិច្ចព្រមព្រៀងបែបនេះទេ។
ប្រែសម្រួលៈ តុលា

To Top