តម្លៃប្រេងធ្លាក់ចុះប្រហែល ៣% ដោយសារមានការពិភាក្សា អំពីការបញ្ចេញ ស្តុកប្រេងម៉ាស៊ូត និងប្រេងឆៅ
បរទេស៖ នៅថ្ងៃសុក្រ តម្លៃប្រេងបានធ្លាក់ចុះប្រហែល ៣% ហើយតម្លៃប្រេង Gasoil នៅអឺរ៉ុបបានធ្លាក់ចុះជាង ៥% បន្ទាប់ពីមានសេចក្តីរាយការណ៍អំពី ការពិភាក្សាលើការ បញ្ចេញស្តុកប្រេងម៉ាស៊ូត និងប្រេងឆៅបន្ថែម ដែលជួយកាត់បន្ថយការព្រួយបារម្ភ អំពីការខ្វះខាតការផ្គត់ផ្គង់ថាមពលជាសកល។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេង Brent បានធ្លាក់ចុះ ២,៨៣ ដុល្លារ ឬ ២,៧៧% មកនៅត្រឹម ៩៩,៤៨ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកតម្លៃប្រេង West Texas Intermediate (WTI) បានធ្លាក់ចុះ ៣,៣៥ ដុល្លារ ឬ ៣,៦១% មកនៅត្រឹម ៨៩,៥២ ដុល្លារក្នុងមួយបារ៉ែល។
ប្រេងទាំងពីរប្រភេទនេះកំពុងឆ្ពោះទៅរកការធ្លាក់ចុះប្រចាំសប្តាហ៍ ដោយប្រេង Brent បានធ្លាក់ចុះប្រហែល ៤,៧% គិតមកទល់ពេលនេះក្នុងសប្តាហ៍នេះ ហើយប្រេង WTI បានធ្លាក់ចុះប្រហែល ៣,១%។
តម្លៃសម្រាប់ប្រេង Gasoil នៅអឺរ៉ុប ដែលជាតម្លៃគោលសម្រាប់ប្រេងម៉ាស៊ូត បានធ្លាក់ចុះជាង ៥% មកនៅត្រឹម ១.៣៧៧ ដុល្លារក្នុងមួយតោនម៉ែត្រ។
សូមជម្រាបថា បណ្តាប្រទេសនៅសហភាពអឺរ៉ុប នៅថ្ងៃសុក្របានពិភាក្សាគ្នា លើសំណើរបស់បារាំង ដើម្បីបញ្ចេញស្តុកប្រេងម៉ាស៊ូតបន្ថែម ដើម្បីឆ្លើយតបទៅនឹងសម្ពាធ របស់សហរដ្ឋអាមេរិកលើបណ្តាប្រទេសនៅអឺរ៉ុប ឱ្យបញ្ចេញការផ្គត់ផ្គង់បន្ថែមទៀតក្នុងការប៉ុនប៉ង កាត់បន្ថយតម្លៃប្រេងឥន្ធនៈដែលកើនឡើង។
ប្រែសម្រួល: តុលា
