ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត គ្រោងបើកការវាយប្រហារ លើក្រុម Houthi ដើម្បីបំបែកការគ្រប់គ្រង ច្រកសមុទ្រក្រហម

​រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត កំពុងរៀបចំផែនការបើកការវាយលុកប្រឆាំង នឹងក្រុមប្រដាប់អាវុធ Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន។ ជម្រើសប្រតិបត្តិការ ដែលកំពុងត្រូវបានពិចារណា រួមមានការវាយសម្រុកតាមតំបន់ឆ្នេរ ដើម្បីធានាសុវត្ថិភាពផ្លូវនាវាចរណ៍សមុទ្រក្រហម ឬការវាយប្រហារ លើសមរភូមិជាច្រើនព្រមៗគ្នា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់ និងលោកខាងលិច ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

​យោងតាមប្រភពចំនួន ៦ ដែលដឹងពីការរៀបចំនេះ ប្រតិបត្តិការនេះរំពឹងថានឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខ ដោយនឹងត្រូវដឹកនាំដោយកង កម្លាំងថ្មើរជើងយេម៉ែន ក្រោមការត្រួតពិនិត្យពីទីក្រុងរីយ៉ាដ និងមានការគាំទ្រដោយការ វាយប្រហារតាមអាកាសពីសំណាក់ កងទ័ពអារ៉ាប៊ីសាអូឌីត។

ទោះបីជាសហរដ្ឋអាមេរិក កំពុងផ្តល់ព័ត៌មានសម្ងាត់ ដើម្បីគាំទ្រប្រតិបត្តិការ របស់ទីក្រុងរីយ៉ាដនៅយេម៉ែន ហើយប្រទេសក្នុងតំបន់ និងអឺរ៉ុបមួយចំនួន កំពុងផ្តល់ជំនួយយោធា (ជាចម្បងសម្រាប់គោលដៅការពារជាតិ) ក៏ដោយ ក៏សម្ព័ន្ធមិត្តរបស់អារ៉ាប៊ីសាអូឌីតទាំងនោះ មិនត្រូវបានរំពឹងថានឹងចូលរួមដោយ ផ្ទាល់ក្នុងប្រតិបត្តិការប្រយុទ្ធលើកនេះទេ។ នេះបើតាមការបញ្ជាក់ពីប្រភពដែលសុំមិនបញ្ចេញឈ្មោះ។

​គួររំលឹកថា អារ៉ាប៊ីសាអូឌីត បានចូលរួមក្នុងសង្គ្រាមស៊ីវិល របស់ប្រទេសយេម៉ែនតាំងពីឆ្នាំ២០១៥ ក្នុងនាមជាមេដឹកនាំក្រុមចម្រុះអារ៉ាប់ ដើម្បីគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ បន្ទាប់ពីក្រុម Houthi បានបណ្តេញរដ្ឋាភិបាល ចេញពីរដ្ឋធានីសាណា (Sanaa) ។ បទឈប់បាញ់កាលពីឆ្នាំ២០២២ ត្រូវបានអនុវត្តរហូត មកដល់ឆ្នាំនេះ នៅពេលដែលក្រុម Houthi ចាប់ផ្តើមវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (Drone) លើនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអូឌីត ដែលជាការរីករាលដាលចេញពីសង្គ្រាមរបស់អ៊ីរ៉ង់។

​
មន្ត្រីឈូងសមុទ្រ យេម៉ែន និងអ្នកការទូតលោកខាងលិច បានឱ្យដឹងថា គោលដៅសំខាន់នៃផែនការវាយលុកនេះ គឺដើម្បីដណ្តើមយកមកវិញនូវតំបន់ដែលក្រុម Houthi ទើបតែវាយកាន់កាប់បានយ៉ាងឆាប់រហ័សកាលពីខែមុន ជាពិសេសការគ្រប់គ្រងច្រកសមុទ្រ Bab el-Mandeb។

​បច្ចុប្បន្ន អារ៉ាប៊ីសាអូឌីតកំពុងពិចារណាជម្រើសចំនួនពីរ ការវាយប្រហារដោយផ្តោតគោលដៅតូចចង្អៀត ត្រឹមតែតំបន់ជុំវិញច្រក Bab el-Mandeb និង ការវាយលុកទ្រង់ទ្រាយធំ ដែលរួមបញ្ចូលទាំងការវាយប្រហារព្រមៗ គ្នានៅតាមសមរភូមិជាច្រើនជុំវិញប្រទេសយេម៉ែន ដូចជាក្នុងខេត្ត Al-Bayda, Marib, Taiz និង Al-Jawf។

​មន្ត្រីបានបញ្ជាក់ថា កងទ័ពយេម៉ែនជាង ១០ម៉ឺននាក់ អាចនឹងត្រូវបានចល័តក្នុងប្រតិបត្តិការវាយលុកនេះ អាស្រ័យលើទំហំនៃយុទ្ធសាស្ត្រដែលត្រូវបានជ្រើសរើស។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត យេម៉ែន ក្រុម Houthi និងយោធាអាមេរិក មិនទាន់មានការឆ្លើយតបភ្លាមៗនៅឡើយទេ។
​
ច្រក Bab el-Mandeb គឺជាច្រកចេញ ភាគខាងត្បូងនៃសមុទ្រក្រហម និងជាខ្សែរត់នាវាចរណ៍ដ៏សំខាន់ រវាងសមុទ្រមេឌីទែរ៉ាណេ និងអាស៊ី។ ច្រកនេះកាន់តែមានសារៈសំខាន់ទ្វេដងនៅក្នុងឆ្នាំនេះ ក្នុងនាមជាច្រកជំនួសច្រកសមុទ្រ Hormuz ដែលកំពុងរងការបិទខ្ទប់ដោយសារជម្លោះជាមួយអ៊ីរ៉ង់។

​អ្នកការទូតលោកខាងលិច និងមន្ត្រីឈូងសមុទ្របានលើកឡើងថា ទីក្រុងរីយ៉ាដបានសន្និដ្ឋានរួចរាល់ហើយថា ខ្លួនមិនអាចចូលរួមក្នុងកិច្ចចរចាសន្តិភាពថ្មីណាមួយជាមួយក្រុម Houthi ឡើយ ដរាបណាក្រុមនេះនៅតែបន្តគ្រប់គ្រងច្រក Bab el-Mandeb ដែលជាចំណុចផ្តល់ឱ្យពួកគេនូវអំណាចតថ្លៃយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។

​គួរបញ្ជាក់ថា ប្រភពព័ត៌មានទាំង៦ មិនអាចបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការចាប់ផ្តើមប្រតិបត្តិការនេះទេ ដោយការប៉ាន់ស្មានមានចាប់ ពីរយៈពេល “ក្នុងរង្វង់មួយសប្តាហ៍” រហូតដល់ “ក្រោយការបោះឆ្នោតពាក់ កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅដើមខែវិច្ឆិកា”៕

ប្រែសម្រួល៖ គីរី

To Top