ព្រះបរមរាជវាំង ចក្រភពអង់គ្លេស ៖ ព្រះមហាក្សត្រ Charles នឹងមិនមានបន្ទូលសុំទោស ជាផ្លូវការរឿងទាសភាព តែទ្រង់ក៏មិនគេចវេសពីបញ្ហានេះឡើយ ក្នុងព្រះរាជដំណើរទស្សនកិច្ចនៅតំបន់ការីប៊ីន
ឡុងដ៍៖ ព្រះបរមរាជវាំង Buckingham បានប្រកាស កាលពីថ្ងៃសុក្រថា ព្រះមហាក្សត្រ Charles នឹងមិនគេចវេសពីការពាក់ព័ន្ធ របស់ចក្រភពអង់គ្លេសនៅក្នុងការជួញដូរទាសករឆ្លងកាត់មហាសមុទ្រអាត្លង់ទិកនោះទេ ក្នុងអំឡុងពេលព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅកាន់តំបន់ការីប៊ីន (Caribbean) នៅចុងខែនេះ។ ប៉ុន្តែ ព្រះអង្គនឹងមិនធ្វើការសុំទោសជាផ្លូវការចំពោះ “ថ្ងៃដ៏ខ្មៅងងឹតបំផុតនៃអតីតកាលរបស់យើង” នោះឡើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
ព្រះមហាក្សត្រ Charles និងព្រះមហេសី Camilla នឹងយាងទៅកាន់ប្រទេសបាហាម៉ាស (Bahamas) និង ហ្គីយ៉ាណា (Guyana) មុនពេលយាងបន្តទៅកាន់ អង់ទីហ្គា និងបាប៊ុយដា (Antigua and Barbuda) ជាទីដែលព្រះអង្គនឹងចូលរួមក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាលនៃប្រទេសកុំមិនវែល (CHOGM) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំនេះ។
អ្នកនាំពាក្យព្រះបរមរាជវាំងបានបញ្ជាក់ថា បញ្ហាទាក់ទងនឹងការផ្តល់សំណង និងការសុំទោស គឺជាភារកិច្ចរបស់រដ្ឋាភិបាលអង់គ្លេស។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ព្រះរាជដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលដ៏សំខាន់មួយនៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងបណ្តាប្រទេសនៅតំបន់ការីប៊ីន ខណៈដែលកំពុងមានកិច្ចពិភាក្សាសំខាន់ៗជាច្រើនអំពីកេរដំណែលអាណានិគម និងផលប៉ះពាល់អន្តរជំនាន់នៃការជួញដូរទាសករ។
អ្នកនាំពាក្យដដែលបានលើកឡើងថា “ដូច្នេះ កម្មវិធីនៃដំណើរទស្សនកិច្ចនេះ នឹងមិនគេចវេសពី ‘ថ្ងៃដ៏ខ្មៅងងឹតបំផុតនៃអតីតកាលរបស់យើង’ ដូចដែលព្រះករុណាបានមានបន្ទូលនោះទេ ប៉ុន្តែស្របតាមបំណងប្រាថ្នារបស់ប្រទេសម្ចាស់ផ្ទះ ដំណើរទស្សនកិច្ចនេះនឹងផ្តោតជាចម្បងទៅលើបច្ចុប្បន្នភាពដ៏រស់រវើក និងអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសនីមួយៗ។”
គួររំលឹកថា ចាប់ពីសតវត្សទី១៥ ដល់ទី១៩ ជនជាតិអាហ្វ្រិកយ៉ាងហោចណាស់ ១២,៥លាននាក់ ត្រូវបានចាប់ពង្រត់ និងលក់ជាទាសករដោយឈ្មួញអឺរ៉ុប។ ក្នុងនោះ ចក្រភពអង់គ្លេសមានការពាក់ព័ន្ធក្នុងការដឹកជញ្ជូនមនុស្សប្រមាណ ៣,២លាននាក់ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសអឺរ៉ុបសកម្មបំផុតទីពីរក្នុងសកម្មភាពនេះ បន្ទាប់ពីប្រទេសព័រទុយហ្គាល់។
ព្រះមហាក្សត្រ Charles ដែលជាប្រមុខនៃក្រុមប្រទេសកុំមិនវែលចំនួន ៥៦ (ភាគច្រើនជាអតីតអាណានិគមអង់គ្លេស និងមានប្រជាជនសរុបប្រមាណ ២,៧ពាន់លាននាក់) តែងតែគាំទ្រដល់ការស្រាវជ្រាវទៅលើទំនាក់ទំនងប្រវត្តិសាស្ត្ររបស់រាជវង្សអង់គ្លេសទៅនឹងការជួញដូរទាសករនេះ។
កាលពីខែមុន រដ្ឋាភិបាលហ្សាម៉ាអ៊ីក (Jamaica) ក៏បានស្នើសុំជាផ្លូវការឱ្យព្រះអង្គស្វែងរកការប្រឹក្សាផ្នែកច្បាប់ ថាតើអង់គ្លេសគួរតែបង់ប្រាក់សំណងដែរឬទេ ហើយប្រទេសនេះបានបញ្ជាក់ថាខ្លួនមាន “ការលើកទឹកចិត្ត” យ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់ព្រះបរមរាជវាំងលើបញ្ហានេះ។
ប្រែសម្រួល៖ គីរី
