ព័ត៌មានអន្តរជាតិ

ការដ្ឋានសាងសង់ របស់ចិននៅថ្មប៉ប្រះទឹក Antelope កំពុងពង្រីកក្តីបារម្ភជុំវិញ ការក្តោបក្តាប់អំណាចយោធា នៅសមុទ្រចិនខាងត្បូង

​ហុងកុង៖ ការសាងសង់ផ្លូវរត់យន្តហោះ របស់ចិននៅលើថ្មប៉ប្រះទឹក Antelope ក្នុងប្រជុំកោះ Paracels កំពុងដំណើរការយ៉ាងសកម្ម ខណៈដែលអ្នកវិភាគប៉ាន់ស្មានថា ការដ្ឋាននេះអាចនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៧ ដែលនេះនឹងពង្រឹងការគ្រប់គ្រងផ្នែកយោធារបស់ទីក្រុងប៉េកាំងលើតំបន់សមុទ្រចិនខាងត្បូងដែលមានវិវាទ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

​រូបភាពផ្កាយរណបដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន បង្ហាញពីសកម្មភាពឈូសឆាយ គំនរក្រួស បេតុង និងប្រតិបត្តិការគ្រឿងចក្របង្ហាប់ដី ដើម្បីសាងសង់ផ្លូវរត់យន្តហោះខ្នាតធំមួយ។ រូបភាពទាំងនេះ ថតដោយក្រុមហ៊ុនផ្តល់សេវារូបភាពផ្កាយរណប Vantor កាលពីថ្ងៃទី២៥ ខែកញ្ញា ដែលបង្ហាញផងដែរពីទូកដឹកក្រួសពេញឆ្ពោះទៅកាន់កំពង់ផែដែលទើបសាងសង់ថ្មី។ អនុព័ន្ធយោធា និងអ្នកវិភាគសន្តិសុខបានលើកឡើងថា ទីតាំងនេះអាចក្លាយជាមូលដ្ឋានទ័ពក្រៅឆ្នេរដ៏សំខាន់បំផុតមួយរបស់ចិននៅក្នុងតំបន់។

​ការបញ្ចប់មូលដ្ឋានទ័ពនៅ Antelope នឹងក្លាយជាការពង្រីកយោធាដ៏សំខាន់បំផុតរបស់ចិននៅសមុទ្រចិនខាងត្បូងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ វានឹងពង្រីកវិសាលភាពនៃនាវាចម្បាំង និងយន្តហោះយោធាចិននៅក្នុងតំបន់ផ្លូវទឹក ដែលកំពុងក្លាយជាទីលានប្រកួតប្រជែងយោធាដ៏ក្តៅគគុក រវាងទីក្រុងប៉េកាំង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជុំវិញបញ្ហាតៃវ៉ាន់។

​លោក Ben Lewis ស្ថាបនិកទិន្នន័យបើកទូលាយ PLATracker បានលើកឡើងដោយប្រៀបធៀបទៅនឹងការសាងសង់ផ្លូវរត់ប្រវែង ៣គីឡូម៉ែត្រនៅថ្មប៉ប្រះទឹក Fiery Cross (ប្រជុំកោះ Spratly) ក្នុងឆ្នាំ២០១៥ ថា៖ “ខ្ញុំរំពឹងថាផ្លូវរត់នេះនឹងត្រូវចាក់កៅស៊ូបញ្ចប់នៅឆមាសទី១ ឆ្នាំ២០២៧ ហើយការចុះចតលើកដំបូងអាចនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២៧ ឬអាចលឿនជាងនេះ ព្រោះពួកគេមានបទពិសោធន៍ ១០ឆ្នាំមកហើយដើម្បីធ្វើការងារនេះឱ្យកាន់តែលឿន។

“យ៉ាងណាមិញ លោកបញ្ជាក់ថា មិនទាន់មានសញ្ញានៃការជីកកកាយសម្រាប់ស្តុកគ្រាប់រំសេវ និងប្រេងឥន្ធនៈនៅឡើយទេ ដែលជាធម្មតាមូលដ្ឋានទ័ពទំហំនេះតម្រូវឱ្យមាន។
​ជុំវិញបញ្ហានេះ ក្រសួងការពារជាតិចិនមិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពី Reuters ភ្លាមៗឡើយ។
កន្លងមក ចិនមិនទាន់ទទួលស្គាល់ការសាងសង់មូលដ្ឋានយោធាថ្មីនេះទេ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអះអាងថា ទីតាំងនៅ Antelope នឹងបម្រើដល់តម្រូវការស៊ីវិល ដូចជាការព្យាករណ៍អាកាសធាតុ ការស្រាវជ្រាវលំហសមុទ្រ និងវិទ្យាសាស្ត្រប៉ុណ្ណោះ។

​អ្នកវិភាគរូបភាព Vantor និងលោក Damien Symon ដែលជាអ្នកកត់សម្គាល់ឃើញការបូមខ្សាច់តាំងពីដើមខែមករា បានពន្យល់ថា គ្រឿងចក្រដែលគេឃើញ គឺប្រើសម្រាប់បង្ហាប់ដី ឬគ្រឹះមុនពេលចាក់កៅស៊ូ។

​នាពេលអនាគត មូលដ្ឋានទ័ព Antelope នៅភាគខាងជើងសមុទ្រចិនខាងត្បូងនេះ នឹងជួយសម្រួលដល់ការដាក់ពង្រាយនាវាចម្បាំង និងយន្តហោះយោធាចិនយ៉ាងទូលំទូលាយ ព្រមទាំងជួយការពារច្រកចូលកោះហៃណាន (Hainan) ដែលជាទីតាំងចិនដាក់ពង្រាយនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែររបស់ខ្លួន។ គួរបញ្ជាក់ថា កាលពីចុងខែសីហា Reuters ក៏បានរាយការណ៍ពីការប្រទះឃើញការសាងសង់ថ្មីៗនៅលើកោះតូចមួយ (Yagong Island) ក្បែរថ្មប៉ប្រះទឹក Antelope នេះផងដែរ ប៉ុន្តែអ្នកវិភាគមិនទាន់អាចបញ្ជាក់ពីមុខងារពិតប្រាកដរបស់វាឡើយ៕

ប្រែសម្រួល៖ គីរី

To Top