បណ្តាប្រទេស G7 យល់ព្រមបញ្ចេញ ស្តុកប្រេងម៉ាស៊ូត និងប្រេងឆៅ ១០០លានបារ៉ែល បន្ទាប់ពីការដាក់សម្ពាធ ពីសហរដ្ឋអាមេរិក
បរទេស៖ នៅថ្ងៃសុក្រ បណ្តាប្រទេសក្រុម G7 បានយល់ព្រមបញ្ចេញប្រេងម៉ាស៊ូត និងប្រេងឆៅចំនួន ១០០លានបារ៉ែលពីស្តុកបម្រុងសម្រាប់គ្រាអាសន្ន ហើយបានសន្យាថា នឹងមិនដាក់កម្រិតលើការនាំចេញថាមពលឡើយ បន្ទាប់ពីមានការដាក់សម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកបានដឹកនាំយុទ្ធនាការដាក់សម្ពាធលើសហភាពអឺរ៉ុបឱ្យបញ្ចេញស្តុកប្រេងម៉ាស៊ូតសម្រាប់គ្រាអាសន្ន ដោយរដ្ឋបាលរបស់លោក ត្រាំ បានព្រមានថា ការមិនចាត់វិធានការនេះអាចនាំឱ្យសហរដ្ឋអាមេរិកហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត។
ការហាមឃាត់បែបនេះអាចកាត់បន្ថយការផ្គត់ផ្គង់ទៅកាន់តំបន់អឺរ៉ុបយ៉ាងខ្លាំង (ដែលកំពុងពឹងផ្អែកកាន់តែខ្លាំងលើប្រេងម៉ាស៊ូតរបស់អាមេរិក) ហើយអាចបង្កជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់សហភាពអឺរ៉ុប។
លោក ត្រាំ កំពុងព្យាយាមទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុក មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន មុនពេលចេញដំណើរទៅកាន់រដ្ឋ Alabama ថា សហរដ្ឋអាមេរិកនឹងមិនដាក់បម្រាមលើការនាំចេញប្រេងម៉ាស៊ូតនោះទេ។ លោកបាននិយាយថា ផែនការនេះមិនដែលត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈពិភាក្សាជាក់ស្តែងនោះទេ ទោះបីជាក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ លោកធ្លាប់បាននិយាយជាច្រើនដងថា បម្រាមបែបនេះកំពុងស្ថិតក្រោមការពិចារណា ហើយលោកក៏គាំទ្រគំនិតនេះដែរ។
ប្រែសម្រួល: តុលា
