ព័ត៌មានអន្តរជាតិ

ពលករចំណាកស្រុក មីយ៉ាន់ម៉ាជិត ១.៥០០ នាក់ ត្រូវបានម៉ាឡេស៊ី បញ្ជូនត្រឡប់ទៅកាន់ប្រទេស កំណើត ដែលកំពុងហែកហួរដោយសង្គ្រាម

​ថាន់លីន, មីយ៉ាន់ម៉ា៖ ពលករចំណាកស្រុកមីយ៉ាន់ម៉ាជិត ១.៥០០ នាក់ មកពីប្រទេសម៉ាឡេស៊ី បានមកដល់ប្រទេសកំណើតដែលកំពុងញាំញីដោយសង្គ្រាមស៊ីវិលកាលពីថ្ងៃអាទិត្យ (ទី៤ ខែតុលា) ក្រោមគម្រោងធ្វើមាតុភូមិនិវត្តន៍ ដ៏ស្រពេចស្រពិលមួយ។ នេះបើយោងតាមការបញ្ជាក់ ពីមន្ត្រីកងទ័ពជើងទឹកមីយ៉ាន់ម៉ាម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

​មន្ត្រីជើងទឹករូបនោះ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថានាវាចំនួន ៣ គ្រឿងដែលផ្ទុកពលករចំណាកស្រុកទាំងនោះ បានចូលចតនៅឯមូលដ្ឋានទ័ពជើងទឹកមីយ៉ាន់ម៉ាក្នុងក្រុងថាន់លីន (Thanlyin) នៅមុនម៉ោង ៧:៣០ ព្រឹកបន្តិច។

​អ្នកសារព័ត៌មាន AFP បានឃើញគ្រួសាររាប់រយនាក់បានប្រមូលផ្តុំគ្នាតាំងពីព្រលឹមស្រាងៗនៅខាងក្រៅមូលដ្ឋានទ័ព ដើម្បីរង់ចាំទទួលសាច់ញាតិ របស់ពួកគេ ដោយមានរថយន្ត តាក់ស៊ី និងរថយន្តក្រុងចតតម្រង់ ជួរយ៉ាងច្រើនត្រៀមដឹកពួកគេចេញទៅ។

​លោក Kyaw Myint វ័យ ៥៥ ឆ្នាំ បានប្រាប់ AFP ថា លោកបានមកទីនេះដើម្បីទទួលចៅៗ ៣ នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេល ១ ឆ្នាំកន្លះមកហើយ ហើយលោកមិនបានជួបមុខពួកគេអស់រយៈពេល ៦ ឆ្នាំមកហើយ។

​លោក Kyaw Myint ក៏បានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំងផងដែរថា ចៅៗរបស់លោកអាចនឹង ត្រូវគេចាប់កែនចូលបម្រើកងទ័ព ដោយលោកបានបន្ថែមថា” មិនត្រឹមតែការកែនទ័ពពីសំណាក់យោធារបបសឹកនោះទេ ប៉ុន្តែក៏អាចមកពីក្រុមប្រដាប់អាវុធជនជាតិភាគតិចផងដែរ។”

​ទន្ទឹមនឹងនេះ ក៏មានការព្រួយបារម្ភផងដែរថា អាចនឹងមានជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនត្រឡប់មកវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសពីការបញ្ជូនត្រឡប់នេះ ចំពេលដែលមាននិន្នាការប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ាកំពុងកើនឡើងនៅក្នុងប្រទេសម៉ាឡេស៊ី។

ទោះជាយ៉ាងណា ព័ត៌មានស្តីពីវត្តមានជនជាតិរ៉ូហ៊ីងយ៉ាក្នុងចំណោមអ្នកទាំងនោះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។

​យោងតាមរដ្ឋាភិបាលមីយ៉ាន់ម៉ា នាវាកងទ័ពជើងទឹក មីយ៉ាន់ម៉ាទាំង ៣ គ្រឿង បានចាកចេញពីប្រទេស ម៉ាឡេស៊ីកាលពីថ្ងៃអង្គារ ដោយផ្ទុកពលករចំណាកស្រុកចំនួន ១.៤៧៦ នាក់។ នេះជាក្រុមដំបូងនៃចំនួនសរុប ៥.០០០ នាក់ ដែលលោក Anwar បានអះអាងថាមីយ៉ាន់ម៉ាបានយល់ព្រមទទួលយកត្រឡប់ទៅវិញ។

​ទោះជាយ៉ាងណា អង្គការសហប្រជាជាតិ (UN) បានព្រមានថា ស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងធ្លាក់ក្នុងភ្លើងសង្គ្រាមស៊ីវិលចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ មិនអាចធានានូវការវិលត្រឡប់ប្រកបដោយសុវត្ថិភាពស្របតាមច្បាប់អន្តរជាតិនោះឡើយ។

​ស្ត្រីវ័យ ២៥ ឆ្នាំម្នាក់ ដែលជាប្អូនស្រីរបស់ពលករចំណាកស្រុកម្នាក់ដែលរំពឹងថានឹងត្រូវបញ្ជូនមកតាមកប៉ាល់ បានសម្តែងការព្រួយបារម្ភពីប្រទេសម៉ាឡេស៊ី ដោយសុំមិនបញ្ចេញឈ្មោះថា “ពួកយើងគ្មានតម្រុយទាល់តែសោះថា ជីវិតរបស់គាត់នឹងទៅជាយ៉ាងណាពេលត្រឡប់ទៅដល់មីយ៉ាន់ម៉ាវិញ។ ក្តីបារម្ភចម្បងបំផុតរបស់យើង គឺការមកដល់របស់គាត់ប្រហែលជាគ្មានសុវត្ថិភាពនោះឡើយ” បន្ទាប់ពីរូបនាងបានបាត់ការ ទាក់ទងជាមួយបងប្រុស មុនពេលកប៉ាល់ចេញដំណើរ៕

ប្រែសម្រួល៖ គីរី

To Top