ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលយេម៉ែន បើកយុទ្ធនាការវាយលុកទ្រង់ទ្រាយធំ ដើម្បីដណ្តើមគ្រប់គ្រង ទឹកដីទាំងមូលពីក្រុម Houthi

​អាដែន៖ រដ្ឋាភិបាលស្របច្បាប់នៃប្រទេសយេម៉ែន ដែលទទួលស្គាល់ដោយអន្តរជាតិ និងគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យ ពីការបើកយុទ្ធនាការ យោធាទ្រង់ទ្រាយធំមួយ ដើម្បីដណ្តើមយកគ្រប់តំបន់ទាំងអស់ នៃប្រទេសដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធ Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ត្រឡប់មកវិញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

​ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ប្រធានក្រុមប្រឹក្សាដឹកនាំប្រធានាធិបតីយេម៉ែន លោក Rashad al-Alimi បានបញ្ជាក់ថាកងកម្លាំង ប្រដាប់អាវុធរបស់រដ្ឋាភិបាលនឹងបន្តការវាយលុកនេះ “រហូតទាល់តែប្រទេសជាតិ ត្រូវបានរំដោះទាំងស្រុងចេញពីកណ្តាប់ដៃ របស់ក្រុមជីវពលភេរវករ”។

បន្ទាប់ពីការប្រកាសនេះ អ្នកនាំពាក្យយោធាក៏បានអំពាវនាវឱ្យក្រុម Houthi ទម្លាក់អាវុធចុះចាញ់ផងដែរ។ គោលដៅយុទ្ធសាស្ត្រចម្បងនៃប្រតិបត្តិការនេះ គឺការដណ្តើមយកមកវិញនូវច្រកសមុទ្រយុទ្ធសាស្ត្រ Bab el-Mandeb និងតំបន់ឆ្នេរសមុទ្រក្រហម ប្រវែងប្រមាណ ១៥០ គីឡូម៉ែត្រ (៩០ ម៉ាយល៍) ដែលក្រុម Houthi ទើបតែវាយកាន់កាប់បាន ក្នុងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីខែមុន។ ការគ្រប់គ្រងច្រកនេះកន្លងមក បានផ្តល់ឱ្យក្រុម Houthi នូវឥទ្ធិពលយ៉ាងខ្លាំងលើផ្លូវនាវាចរណ៍ពាណិជ្ជកម្មអន្តរជាតិ។

ក្រុម Houthi បានអះអាងថា ពួកគេបានវាយប្រហារលើទីតាំងជាច្រើនរបស់អារ៉ាប៊ីសាអូឌីត ដោយប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (Drone)។

​ក្រុម Houthi (ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Ansar Allah) បានគ្រប់គ្រងរដ្ឋធានីសាណា (Sanaa) និងតំបន់ភាគពាយព្យនៃប្រទេសយេម៉ែន ដែលជាតំបន់ប្រមូលផ្តុំប្រជាជនភាគច្រើន តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ ក្រុមនេះបានទប់ទល់នឹងការវាយប្រហារជាច្រើនឆ្នាំមកហើយ ពីសំណាក់ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម (UAE) និងសម្ព័ន្ធមិត្តលោកខាងលិច ព្រមទាំងបានធ្វើទំនើបកម្មឃ្លាំងអាវុធ របស់ខ្លួនក្រោមការ ជួយជ្រោមជ្រែងពីប្រទេសអ៊ីរ៉ង់។

​ការវាយរុលទៅមុខរបស់ក្រុម Houthi នៅតំបន់ឆ្នេរ សមុទ្រនាពេលថ្មីៗនេះ ក៏បានបើកសមរភូមិថ្មីមួយទៀត នៅក្នុងបរិបទនៃជម្លោះកាន់តែទូលំទូលាយរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលក្នុងនោះទីក្រុងតេហេរ៉ង់បានចាត់វិធានការឆ្លើយតប រួមទាំងការរឹតបន្តឹងលើការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz នៅត្រើយម្ខាងទៀតនៃឧបទ្វីបអារ៉ាប់ផងដែរ៕

ប្រែសម្រួល៖ គីរី

To Top