សហរដ្ឋអាមេរិក ដកយន្តហោះទម្លាក់ គ្រាប់បែកទាំងអស់ ចេញពីមូលដ្ឋាន ទ័ពអាកាស RAF Fairford នៅអង់គ្លេស
បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky News ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា កងទ័ពអាកាសសហរដ្ឋអាមេរិក បានសម្រេចដកយន្តហោះទម្លាក់គ្រាប់បែក ទាំងអស់របស់ខ្លួន (ប្រភេទ B-1) ចេញពីមូលដ្ឋានទ័ពអាកាស RAF Fairford នៃចក្រភពអង់គ្លេសហើយ។
ការសម្រេចចិត្តដកកងកម្លាំងនេះ ត្រូវបានធ្វើឡើង ស្របពេលដែលមានបញ្ហាចម្រូងចម្រាស និងហេតុការណ៍សន្តិសុខ ជាបន្តបន្ទាប់ទាក់ទងនឹងមូលដ្ឋានទ័ពមួយនេះ។
កាលពីចុងសប្តាហ៍មុន មានការចាប់ខ្លួនបុរសជនជាតិអង់គ្លេសចំនួន ៥នាក់ ជុំវិញការសង្ស័យពីការរៀបចំផែនការភេរវកម្ម និងបទល្មើសគ្រឿងផ្ទុះនៅក្បែរទីតាំងមូលដ្ឋានទ័ព RAF Fairford នេះផ្ទាល់។ ទោះជាយ៉ាងណា ក្រោយមកពួកគេត្រូវបានប៉ូលិសអង់គ្លេសដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបអង្កេត។
អាជ្ញាធរអង់គ្លេស រួមទាំងប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថាមាន “សញ្ញាណច្បាស់លាស់” ដែលបង្ហាញថា ប្រទេសអ៊ីរ៉ង់អាចមានការពាក់ព័ន្ធនឹងហេតុការណ៍គួរឱ្យសង្ស័យនៅក្បែរមូលដ្ឋានទ័ពខាងលើនេះ ខណៈដែលស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងឡុងដ៍បានចេញមុខទាត់ចោលការចោទប្រកាន់នេះយ៉ាងដាច់អហង្ការ។
ការសម្រេចចិត្តរបស់អាជ្ញាធរអង់គ្លេស ក្នុងការអនុញ្ញាតឱ្យជនសង្ស័យទាំង ៥នាក់នៅក្រៅឃុំ បានរងការរិះគន់ពីសំណាក់មន្ត្រីជាន់ខ្ពស់អាមេរិក។ ជាក់ស្តែង ប្រធានាធិបតីអាមេរិកលោក Donald Trump និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio សុទ្ធតែបានសម្តែងការមិនពេញចិត្ត និងព្រួយបារម្ភចំពោះចំណាត់ការផ្លូវច្បាប់នេះ។
RAF Fairford គឺជាទីតាំងយុទ្ធសាស្ត្រដែលសហរដ្ឋអាមេរិកតែងតែប្រើប្រាស់សម្រាប់ប្រតិបត្តិការយន្តហោះទម្លាក់គ្រាប់បែកនៅតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែកាលពីថ្មីៗនេះ មានសេចក្តីរាយការណ៍ថា អង់គ្លេសមិនបានផ្តល់ការអនុញ្ញាត ឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពនេះ ដើម្បីធ្វើការវាយប្រហារទៅ លើប្រទេសអ៊ីរ៉ង់នោះទេ ដោយសារបារម្ភពីការវាយប្រហារ សងសឹកណាមួយមកលើទឹកដីអង់គ្លេស។
ការដកយន្តហោះទម្លាក់គ្រាប់បែកចេញទាំងស្រុងនេះ គឺជាសញ្ញាណដ៏សំខាន់មួយ នៃការផ្លាស់ប្តូរយុទ្ធសាស្ត្រ យោធារបស់សហរដ្ឋអាមេរិក ស្របពេលដែលភាពតានតឹងជាមួយអ៊ីរ៉ង់កំពុងបន្តកើនឡើង ហើយកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអង់គ្លេសកំពុងស្ថិតក្នុងភាពរសើប៕
ប្រែសម្រួល៖ គីរី
