ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ ទៅដល់ទីក្រុងកៀវ ក្រោមសំឡេងស៊ីរ៉ែន ប្រកាសអាសន្ន និងការវាយប្រហារដោយ Drone របស់រុស្ស៊ី

​កៀវ, អ៊ុយក្រែន៖ កាលពីថ្ងៃអាទិត្យ យន្តហោះគ្មានមនុស្សបើក (Drone) របស់រុស្ស៊ី បានវាយប្រហារចំស្ពានដ៏សំខាន់មួយ នៅក្នុងរដ្ឋធានីកៀវ ខណៈដែលអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ទើបតែបានធ្វើដំណើរមកដល់ទីក្រុងនេះ ក្រោមសំឡេងស៊ីរ៉ែន ប្រកាសអាសន្ន សំឡេងផ្ទុះ និងការបាញ់សកម្ម ប្រព័ន្ធការពារដែនអាកាស នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

​ដំណើរទស្សនកិច្ចរបស់លោក Merz គឺដើម្បីបង្ហាញការគាំទ្រចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ស្របពេលដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លាមកលើទីក្រុងមួយនេះ។ លោក Merz បានមានប្រសាសន៍ថា “អ៊ុយក្រែនត្រូវការការគាំទ្រពីពួកយើងទាំងអស់គ្នា នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប្រសិនបើរុស្ស៊ីមិនត្រូវបានបញ្ឈប់ទេនោះ យន្តការសង្គ្រាមរបស់ពួកគេនឹងងាក មកប្រឆាំងនឹងយើងនៅថ្ងៃណាមួយជាមិនខាន ។” លោកបានសង្កត់ធ្ងន់លើការវាយប្រហាររបស់រុស្ស៊ីទៅលើទីក្រុង អគារលំនៅដ្ឋាន និងហេដ្ឋារចនា សម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

​វីដេអូនៃហេតុការណ៍វាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ បានបង្ហាញពីទិដ្ឋភាពដែលយន្តហោះ គ្មានមនុស្សបើកបានហោះ ទៅបុកស្ពានភាគខាងជើង (Northern Bridge) បង្កឱ្យមានអណ្តាតភ្លើង និងផ្សែងខ្មៅហុយឡើងយ៉ាងសន្ធោសន្ធៅ ខណៈដែលមានរថយន្តកំពុងធ្វើចរាចរណ៍នៅឡើយ។ អភិបាលក្រុងកៀវ លោក Vitaliy Klitschko បានបញ្ជាក់ថា ហេតុការណ៍នេះបណ្តាលឱ្យមនុស្សពីរនាក់រងរបួស។

​នេះគឺជាលើកទីពីរហើយដែលស្ពានភាគខាងជើងរងការវាយប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ មុននេះ នៅថ្ងៃព្រហស្បតិ៍ និងសុក្រ ស្ពានភាគខាងត្បូង (Southern Bridge) ដែលជាផ្លូវគោក និងប្រព័ន្ធរថភ្លើងក្រោមដីដ៏សំខាន់ ក៏រងការវាយប្រហាររហូតដល់ទៅ ៥ដង ក្នុងរយៈពេលមិនដល់ ២៤ម៉ោងផង។

​មន្ត្រីអ៊ុយក្រែនបានលើកឡើងថា ការវាយប្រហាររបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធស្ពានទាំងនេះ គឺជាយុទ្ធសាស្ត្រប៉ុនប៉ងកាត់ផ្តាច់រដ្ឋធានីកៀវជាពីរ ដោយសារតែទីក្រុងនេះ ត្រូវបានខណ្ឌចែកដោយទន្លេ Dnipro (ដែលប៉ែកខាងស្តាំជាតំបន់ពាណិជ្ជកម្ម និងស្ថាប័នរដ្ឋ ចំណែកប៉ែកខាងឆ្វេងជាតំបន់លំនៅដ្ឋាន)។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលមានផែនការសាង សង់ស្ពានឆ្លងកាត់ទន្លេ Dnipro ជំនួសជាច្រើនខ្សែទៀត ក្នុងករណីដែលការវាយប្រហារលើស្ពានចាស់នៅតែបន្ត។

​ចំណែកឯក្រសួងការពារជាតិរុស្ស៊ីវិញ បានចេញមុខទទួលស្គាល់ការវាយប្រហារលើស្ពានភាគខាងជើងកាលពីថ្ងៃអាទិត្យ ដោយអះអាងថា គោលដៅរបស់ពួកគេគឺកាត់ផ្តាច់ផ្លូវដឹកជញ្ជូនកងទ័ព និងបរិក្ខារយោធា។ រុស្ស៊ីក៏បានបន្ថែមថា ខ្លួនបានវាយប្រហារលើនាវាដឹកទំនិញពីរគ្រឿងដែលផ្ទុកសព្វាវុធឆ្ពោះទៅកាន់កំពង់ផែ Odesa ព្រមទាំងមជ្ឈមណ្ឌលភស្តុភារមួយ កន្លែងនៅតំបន់កៀវកាលពីថ្ងៃសៅរ៍។

​ទោះបីជាមានការព្រមានពីភាគីរុស្ស៊ី កាលពីថ្ងៃសៅរ៍ ថាភ្ញៀវបរទេស និងមន្ត្រីជាន់ខ្ពស់ដែលធ្វើដំណើរ មកកាន់រដ្ឋធានីកៀវ នឹងមិនមានសុវត្ថិភាពពីការវាយប្រហារក៏ដោយ ក៏លោក Merz នៅតែបន្តដំណើរទស្សនកិច្ចរបស់លោក ជាមួយនឹងរដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងថាមពលអាល្លឺម៉ង់ លោកស្រី Katarina Reiche៕

ប្រែសម្រួល៖ គីរី

To Top