ព័ត៌មានអន្តរជាតិ

ទាហានម៉ារីនអាមេរិកម្នាក់ ត្រូវចាប់ខ្លួនពីបទសង្ស័យ សម្លាប់ស្ត្រីជនជាតិជប៉ុន នៅអូគីណាវ៉ា បង្កឱ្យមានការខឹង សម្បារយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋជប៉ុន

​តូក្យូ ៖ ប៉ូលិសជប៉ុនបានចាប់ខ្លួនទាហាន ម៉ារីនសហរដ្ឋអាមេរិកម្នាក់ ពីបទសង្ស័យប្លន់ និងសម្លាប់ស្ត្រីម្នាក់នៅលើកោះអូគីណាវ៉ា (Okinawa)។

នេះបើយោងតាមការបញ្ជាក់ របស់មន្ត្រីផ្លូវការកាលពីថ្ងៃអាទិត្យ ដែលនេះគឺជាសំណុំរឿង ព្រហ្មទណ្ឌថ្មីមួយទៀតនៅលើកោះភាគខាងត្បូងមួយនេះ ជាទីដែលវត្តមានកងទ័ពអាមេរិក ដ៏ច្រើនសន្ធឹកសន្ធាប់នៅតែជាបញ្ហាដ៏រសើប។

​យោងតាមការចេញផ្សាយពីសារព័ត៌មាន AP ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានអោយដឹងថា ប៉ូលិសខេត្តអូគីណាវ៉ាបានឱ្យដឹងថា ពួកគេបានចាប់ខ្លួនទាហានម៉ារីនវ័យ ២០ឆ្នាំម្នាក់ ដែលឈរជើងនៅមូលដ្ឋានទ័ពអាកាស Futenma ពីបទសង្ស័យថាបានសម្លាប់ស្ត្រីក្នុងស្រុកវ័យ ៣៩ឆ្នាំម្នាក់ នៅសណ្ឋាគារមួយក្នុងទីក្រុង Naha ដែលជារដ្ឋធានីរបស់ខេត្តអូគីណាវ៉ា រួចបានយកកាបូបលុយ និងកាបូបស្ពាយរបស់នាងទៅបាត់ កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍។

​ទីភ្នាក់ងារសារព័ត៌មាន Kyodo ដោយដកស្រង់សម្តីប៉ូលិស បានរាយការណ៍ថា សាកសពស្ត្រីរងគ្រោះត្រូវបានរកឃើញនៅក្នុងបន្ទប់សណ្ឋាគាររបស់នាង ដោយសង្ស័យថាត្រូវបានគេច្របាច់កសម្លាប់។

​ប៉ូលិសបានបញ្ជាក់ថា ខ្សែវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីបុរសដែលគេជឿថាជាជនសង្ស័យ បានដើរចូលក្នុងសណ្ឋាគារជាមួយជនរងគ្រោះ ប៉ុន្តែបានដើរចេញមកវិញតែម្នាក់ឯង។ សារព័ត៌មាន Kyodo បានបន្តថា មន្ត្រីប៉ូលិសបានចាប់ខ្លួនជនសង្ស័យរូបនេះ បន្ទាប់ពីប្រទះឃើញគេដើរតែម្នាក់ឯងតាមដងផ្លូវ ក្នុងតំបន់កម្សាន្តនៃទីក្រុង Naha កាលពីយប់ជ្រៅថ្ងៃសៅរ៍។

​ជុំវិញហេតុការណ៍នេះ លោក Genta Koja អភិបាលខេត្តអូគីណាវ៉ាដែលទើបជាប់ឆ្នោតថ្មី បានប្រាប់អ្នកសារព័ត៌មានថា៖ “សំណុំរឿងនេះបានធ្វើឱ្យមានការតក់ស្លុតយ៉ាងខ្លាំង និងបង្កើនការភ័យខ្លាចដល់ប្រជាជនអូគីណាវ៉ា ដែលត្រូវបានបង្ខំឱ្យរស់នៅក្បែរមូលដ្ឋានទ័ពអាមេរិករួចទៅហើយ។ វាជារឿងដែលមិនអាចលើកលែងឱ្យបានជាដាច់ខាត ហើយពួកយើងពិតជាមានការខឹងសម្បារយ៉ាងខ្លាំង”។

​លោកអភិបាលខេត្តរូបនេះ បានរិះគន់បន្ថែមទៀតថា៖ “ខ្ញុំត្រូវតែនិយាយថា វិន័យ និងការអប់រំកងទ័ព គឺមិនមានប្រសិទ្ធភាពទាល់តែសោះ”៕

ប្រែសម្រួល៖ គីរី

To Top