អ្នកវិទ្យាសាស្ត្រដើមកំណើត វៀតណាមនៅ NASA កំពុងដឹកនាំការស្រាវជ្រាវ បញ្ជូននាឡិកាអាតូមិក ទៅកាន់ទីអវកាសដ៏ជ្រៅ
កាលីហ្វ័រញ៉ា៖ លោក Hoang Thai អ្នកវិទ្យាសាស្ត្រ ដើមកំណើតវៀតណាម កំពុងដឹកនាំក្រុមអ្នកស្រាវជ្រាវ នៅមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ទីភ្នាក់ងារ អវកាស NASA ដើម្បីអភិវឌ្ឍនាឡិកាអាតូមិក ដ៏ជាក់លាក់បំផុត ឱ្យមានទំហំតូច និងធន់រឹងមាំគ្រប់គ្រាន់ សម្រាប់បេសកកម្មរុករក ទីអវកាសដ៏ឆ្ងាយ (Deep-space) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
ក្នុងនាមជាអ្នកស៊ើបអង្កេតផ្ទាល់នៅ JPL លោក Thai ដឹកនាំក្រុមអភិវឌ្ឍន៍ឧបករណ៍ចាប់សញ្ញាខ្នាតតូច ដែលជាវិស័យបច្ចេកវិទ្យាចុងក្រោយ ប្រើប្រាស់លក្ខណៈសម្បត្តិអាតូម និងបាតុភូតកង់ទិច ដើម្បីវាស់ពេលវេលា ទំនាញផែនដី ដែនអេឡិចត្រូម៉ាញេទិក និងអថេររូបវិទ្យាផ្សេងៗទៀត ដោយភាពសុក្រឹតខ្នាតអតិបរមា។
លោក Thai បានពន្យល់ថា បច្ចុប្បន្ន ប្រព័ន្ធកង់ទិចស្ទើរតែទាំងអស់ ដំណើរការបានតែនៅក្នុងបន្ទប់ពិសោធន៍ ដែលមានបរិស្ថានគ្រប់គ្រងយ៉ាងតឹងរ៉ឹងប៉ុណ្ណោះ។ បញ្ហាប្រឈមដ៏ធំបំផុត គឺការនាំយកបច្ចេកវិទ្យានេះចេញពីមន្ទីរពិសោធន៍ ដើម្បីប្រើប្រាស់ក្នុងលំហអវកាស។ គោលដៅចម្បងរបស់ក្រុមលោក គឺការបង្កើតនាឡិកាដ៏សុក្រឹតបំផុត ដែលមានទំហំតូច និងធន់នឹងលក្ខខណ្ឌដ៏អាក្រក់នៅទីអវកាស។
បច្ចុប្បន្ន ការកំណត់ទីតាំងយានអវកាសក្នុងលំហអន្តរតារា គឺពឹងផ្អែកលើស្ថានីយ៍ផែនដី ដែលបញ្ជូនរលកសញ្ញាវិទ្យុទៅកាន់យាន ហើយរង់ចាំសញ្ញាត្រឡប់មកវិញ ដើម្បីគណនាចម្ងាយដោយផ្អែកលើពេលវេលា។ ប៉ុន្តែ នៅពេលបេសកកម្មកាន់តែឆ្ងាយពីផែនដី ការពន្យារពេលនៃសញ្ញា ធ្វើឱ្យវិធីសាស្ត្រនេះចុះខ្សោយភាពជឿជាក់។
កាលពីឆ្នាំ២០១៩ NASA បានសាកល្បងនាឡិកាអាតូមិកសម្រាប់លំហជ្រៅ (Deep Space Atomic Clock) ដោយប្រើប្រាស់អ៊ីយ៉ុងបារត។ លទ្ធផលបញ្ជាក់ថា វាមានស្ថិរភាពជាងនាឡិកាអាតូមិកនៅលើផ្កាយរណប GPS ដល់ទៅ ៥០ដង ដោយមានគម្លាតត្រឹមតែ ១វិនាទីប៉ុណ្ណោះ ក្នុងរយៈពេល ១០លានឆ្នាំ។
ទោះជាយ៉ាងណា ការនាំយកនាឡិកាអាតូមិកឡើងទៅទីអវកាស មិនមែនត្រឹមតែការបង្រួមទំហំនោះទេ។ ប្រព័ន្ធកង់ទិចត្រូវការឡាស៊ែរ បន្ទប់សុញ្ញកាស របាំងការពារម៉ាញេទិក និងបរិស្ថានដែលមានសីតុណ្ហភាព និងរំញ័រថេរ។ លោក Thai បញ្ជាក់ថា ឧបករណ៍សម្រាប់អវកាស ត្រូវតែមានទំហំតូច ទម្ងន់ស្រាល និងធន់នឹងកម្លាំងរញ្ជួយពេលបាញ់បង្ហោះ និងលក្ខខណ្ឌលំហអវកាស ព្រមទាំងស៊ីភ្លើងតិចបំផុត (SWaP: Size, Weight, and Power)។
បច្ចុប្បន្ន ក្រុមការងារលោក Thai កំពុងអភិវឌ្ឍនាឡិកាប្រភេទមីក្រូវ៉េវ (Microwave clock) ដែលបង្រួមប៉ុនកំប៉ុងចំណុះមួយលីត្រ ដោយមានទិសដៅជំនួសនាឡិកាស្តង់ដារលើផ្កាយរណប GPS នាពេលអនាគត។ ពួកគេក៏កំពុងសិក្សាពីនាឡិកាអុបទិក (Optical clocks) ដែលប្រើប្រាស់អាតូមស្រ្តង់ត្យូម (Strontium atoms) ផងដែរ។
លោក Jason Hyon អ្នកគ្រប់គ្រងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផែនដីនៅ JPL បានសង្កត់ធ្ងន់ថា នាឡិកាដែលក្រុមរបស់លោក Thai កំពុងអភិវឌ្ឍ គឺជាចលករដ៏សំខាន់សម្រាប់ការកំណត់ទីតាំង និងនាវាចរណ៍ក្នុងលំហអវកាសជ្រៅ។ លោកបានបន្ថែមថា៖ “នៅពេលរុករកលើផ្ទៃព្រះច័ន្ទ ឬភពឆ្ងាយៗដែលគ្មាន GPS យានចុះចត និងយានរុករក (Rovers) ពិតជាត្រូវការនាឡិកាដែលមានភាពជាក់លាក់បំផុតបំពាក់នៅលើវាជានិច្ច។”
ក្រៅពីនាឡិកាអាតូមិក JPL ក៏កំពុងអភិវឌ្ឍឧបករណ៍ចាប់សញ្ញាទំនាញកង់ទិច (Quantum gravity gradiometer) ដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រគូសផែនទី ដែនទំនាញផែនដី នៃភពដទៃទៀត ដែលគ្មានប្រព័ន្ធផ្កាយរណប បានយ៉ាងជាក់លាក់ផងដែរ។
លោក Thai បានសន្និដ្ឋានថា វិស័យ Quantum sensing គឺជាមុខវិជ្ជាត្រួសត្រាយផ្លូវ ដែលទាមទារការវិនិយោគ រយៈពេលយូរលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងធនធានមនុស្ស។ លោកបានបញ្ជាក់ថា៖ “វាត្រូវការពេលវេលា និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែនៅទីបញ្ចប់ ខ្ញុំនៅតែជឿជាក់ថា កត្តាមនុស្ស គឺជាកត្តាសំខាន់បំផុត។”
ប្រែសម្រួល៖ គីរី
