ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបានធ្លាក់ចុះ ខណៈការនាំចេញប្រេងឆៅ ពីមជ្ឈិមបូព៌ាកើនឡើង ហើយក្រុម G7 ត្រៀមបញ្ចេញប្រេងបម្រុងពីស្តុក

បរទេស៖​ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃចន្ទ ដោយសារការកើនឡើង នៃការនាំចេញប្រេងឆៅពីមជ្ឈិមបូព៌ា និងការបញ្ចេញស្តុកប្រេងរបស់ក្រុមប្រទេស G7 បានជួយបង្កើនការផ្គត់ផ្គង់ ដែលជួយកាត់បន្ថយការព្រួយបារម្ភ អំពីការខូចខាតបន្ថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅតំបន់ឈូងសមុទ្រ ក្នុងបរិបទនៃជម្លោះ រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។

តម្លៃកិច្ចសន្យាអនាគតសម្រាប់ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៦៦ សេន ឬ ០,៦៥% មកនៅត្រឹម ១០១,៥៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ US West Texas Intermediate មានតម្លៃ ៩០,១២ ដុល្លារក្នុងមួយបារ៉ែល ដែលបានធ្លាក់ចុះ ៩៥ សេន ឬ ១,០៣%។

តម្លៃប្រេង Brent បានបាត់បង់កំណើនភាគច្រើនរបស់ខ្លួនកាលពីសប្តាហ៍មុន ខណៈដែលតម្លៃប្រេង WTI បានធ្លាក់ចុះ ១,៦% បន្ទាប់ពីក្រុមប្រទេស G7 បានព្រមព្រៀងគ្នានៅថ្ងៃសុក្រ ក្នុងការបញ្ចេញប្រេងម៉ាស៊ូត និងប្រេងឆៅចំនួន ១០០លានបារ៉ែលពីស្តុកបម្រុងសម្រាប់គ្រាអាសន្ន ហើយបានសន្យាថានឹងមិនដាក់កម្រិតលើការនាំចេញថាមពលឡើយ ក្រោយមានការដាក់សម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ទិន្នន័យដឹកជញ្ជូនដែលបានចេញ ផ្សាយនៅថ្ងៃចន្ទ បានបង្ហាញថា ការបញ្ចេញប្រេងនេះនឹងបន្ថែម​ ទៅលើការនាំចេញប្រេងឆៅពីតំបន់មជ្ឈិមបូព៌ា ដែលបានកើនឡើងលើសកម្រិតមុនពេលមានជម្លោះសង្គ្រាម ក្នុងរយៈពេល ៤ ថ្ងៃនៃថ្ងៃទាំង ៧ នៃសប្តាហ៍ចុងក្រោយ នៃខែកញ្ញា ទោះបីជាមានការវាយប្រហារលើនាវា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ក៏ដោយ៕

To Top