ព័ត៌មានអន្តរជាតិ

ព្រីតថែន​ បើកការពិភាក្សាឡើងវិញអំពី Brexit ប៉ុន្តែលទ្ធភាព នៃការត្រឡប់ចូលសហភាពអឺរ៉ុបវិញ​ នៅតែមិនច្បាស់លាស់

ឡុងដ៍៖​ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានបើកការពិភាក្សាឡើងវិញ អំពីទំនាក់ទំនងរបស់ព្រីតថែន ជាមួយសហភាពអឺរ៉ុប Brexit ដោយដាក់បញ្ចូលលទ្ធភាព នៃការក្លាយជាសមាជិកឡើងវិញទៅក្នុងជម្រើសនានា។

ការលើកឡើងរបស់លោកបានប្រឈមនឹងគោលជំហរដាច់ណាត់ពីមុន របស់គណបក្សពលករ (Labour Party) និងបានលើកឡើងនូវសំណួរ ដ៏សំខាន់មួយថា តើព្រីថែន​ ត្រៀមខ្លួនរួចរាល់កម្រិតណា​ ដើម្បីកសាងទំនាក់ទំនងឡើងវិញ ជាមួយប្លុកនេះ?

នៅក្នុងសុន្ទរកថាដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីនៅឯសន្និសីទគណបក្សពលករកាលពីថ្ងៃអង្គារសប្ដាហ៍មុន លោក Burnham បានឧ្យដឹងថា “Brexit បានបង្កផលប៉ះពាល់អវិជ្ជមានច្រើនជាងផលល្អ” ហើយបានបង្ហាញពីជម្រើសនានា​ សម្រាប់ “ទំនាក់ទំនងរយៈពេលវែងរបស់ព្រីតថែនជាមួយដៃគូអឺរ៉ុបរបស់យើង”។

នៅក្នុងបទសម្ភាសន៍មួយ ដែលផ្សាយដោយ BBC នៅថ្ងៃបន្ទាប់ លោកបានលេីកឡេីងថា ការចូលរួមជាមួយ សហភាពអឺរ៉ុប​ ឡើងវិញ គឺជាជម្រើសមួយ។ លោកបានបន្ដថា “ខ្ញុំចង់ឃើញព្រីតថែន​ ចូលរួមឡើងវិញក្នុងអំឡុង ពេលដែលខ្ញុំនៅមានជីវិត” ប៉ុន្តែលោកបានបន្ថែមថា លោកនឹងពិនិត្យមើលជម្រើសផ្សេងៗគ្នា។

ជម្រើសទាំងនោះមានចាប់ពីការរក្សា ទំនាក់ទំនងបច្ចុប្បន្ន រហូតដល់ការចូលរួមក្នុងសហភាពគយ​ ការចូលរួមក្នុងទីផ្សារតែមួយ ឬការត្រឡប់ទៅជាសមាជិកពេញលេញរបស់សហភាពអឺរ៉ុបវិញ។ ជម្រើសទាំងនេះពាក់ព័ន្ធនឹងកម្រិតផ្សេងៗគ្នានៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការប្តេជ្ញាចិត្តផ្នែកនយោបាយ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top