ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​ សន្យាផ្តល់កញ្ចប់ជំនួយថ្មីផ្នែកយោធា និងថាមពលដល់អ៊ុយក្រែន​ ក្នុងទំហំទឹកប្រាក់ជាង​ ១ពាន់លានដុល្លារ

ប៊ែរឡាំង៖ ប្រទេសអាល្លឺម៉ង់​ បានសន្យាផ្តល់កញ្ចប់ ជំនួយយោធាថ្មីមួយដល់អ៊ុយក្រែន ដែលមានតម្លៃប្រហែល ១ ពាន់លានអឺរ៉ូ (ប្រហែល ១,១៣ ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមការប្រកាសរបស់លោក Friedrich Merz ក្នុងអំឡុងពេលដែលលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវ​ កាលពីថ្ងៃអាទិត្យ។

យោងតាមរដ្ឋាភិបាលអាល្លឺម៉ង់ កញ្ចប់ជំនួយយោធាថ្មីនេះផ្តោតសំខាន់ជាចម្បងទៅលើសមត្ថភាពការពារដែនអាកាស រួមទាំងការផលិតរួមគ្នានូវមីស៊ីលស្ទាក់ចាប់ ដើម្បីប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក ប្រភេទប្រើម៉ាស៊ីនយន្តហោះចម្បាំង។

អធិកាបតីអាល្លឺម៉ង់រូបនេះ​ បានកត់សម្គាល់ថា ភាពជោគជ័យផ្នែកបច្ចេកទេសថ្មីៗនៅក្នុងវិស័យនេះ នឹងជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន​ ឱ្យកាន់តែរឹងមាំយ៉ាងឆាប់រហ័ស។

ប្រទេសអាល្លឺម៉ង់​ ក៏នឹងផ្តល់ ជូននូវអាវុធរយៈចម្ងាយឆ្ងាយ បច្ចេកវិទ្យាផ្កាយរណប និងយន្តហោះគ្មានមនុស្ស បើកសម្រាប់ប្រើប្រាស់ក្នុងសមរភូមិដល់អ៊ុយក្រែនផងដែរ។

លើសពីនេះ អាល្លឺម៉ង់​ នឹងផ្តល់ថវិកា ប្រហែល ៣៥០ លានអឺរ៉ូ (៣៩៤ លានដុល្លារ) ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែន មុនពេលរដូវរងាចូលមកដល់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top