រដ្ឋមន្ត្រីក្រសួងប្រេងកាតអ៊ីរ៉ង់ លាលែងពីតំណែង ក្រោមហេតុផលផ្ទាល់ខ្លួន
តេអេរ៉ង់៖ លោក Mohsen Paknejad រដ្ឋមន្ត្រីក្រសួងប្រេងកាតរបស់អ៊ីរ៉ង់ បានលាលែងពីតំណែងរបស់លោក ដែលការលាលែងនេះធ្វេីឡេីងក្រោមហេតុផលផ្ទាល់ខ្លួន នេះបើយោងតាមការប្រកាស របស់ជំនួយការប្រធានាធិបតីអ៊ីរ៉ង់។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម X លោក Seyyed Mehdi Tabatabaei ដែលជាអនុប្រធានផ្នែកទំនាក់ទំនង នៅការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ បានឱ្យដឹងថា ការលាលែងពីតំណែងរបស់លោក Paknejad ត្រូវបានទទួលយកដោយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian។
ថ្លែងទៅកាន់ស្ថានីយទូរទស្សន៍រដ្ឋ IRIB កាលពីថ្ងៃអាទិត្យ លោក Tabatabaei បានឧ្យដឹងថា លោក Paknejad ធ្លាប់បានដាក់ពាក្យលាលែងពីតំណែងដោយសារហេតុផលផ្ទាល់ខ្លួន ដែលដំបូងឡើយលោក Pezeshkian មិនបានយល់ព្រមទទួលយកនោះទេ ប៉ុន្តែក្រោយមកក៏បានយល់ព្រមទទួលយក។
លោកបានបន្ថែមថា លោក Hamid Bovard ដែលជាអនុរដ្ឋមន្ត្រី ក្រសួងប្រេងកាត និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (National Iranian Oil Company) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្តីទីក្រសួងប្រេងកាត តាមរយៈក្រឹត្យមួយដែលចេញដោយលោក Pezeshkian៕
ប្រែសម្រួល ឈូក បូរ៉ា
